(បារាំង)៖ នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសបារាំងនឹងធានាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។
ប្រទេសបារាំងបានត្រៀម កញ្ចប់ថវិកាសរុប ១.៥ពាន់លានអឺរ៉ូ ប្រមាណជា១.៨២ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយទិញវ៉ាក់សាំង។ ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សជាង ១,៤ លាននាក់នៅទូទាំងពិភពលោក ដែលក្នុងនោះជាង ៥៤.០០០ នាក់នៅប្រទេសបារាំង និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
លោកនាយករដ្ឋមន្ត្រីបារាំង ក៏បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង COVID-19 នឹងមិនតម្រូវឲ្យគ្រប់គ្នាត្រូវតែចាក់វានោះឡើយ ប៉ុន្តែអំពាវនាវធ្វើយ៉ាងណាគ្រប់គ្នាចាក់បានច្រើនតាមដែលអាចធ្វើទៅរួច៕



