(ភ្នំពេញ)៖ បុគ្គលិកវិទ្យុបារាំង RFI ជាភាសាខ្មែរទាំងអស់ ត្រូវបានតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ ហើយត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ បុគ្គលិកមួយចំនួន បានធ្វើតេស្តរួចហើយ កាលពីថ្ងៃទី៣ ខែធ្នូ ខណៈដែលអ្នកផ្សេងទៀត ដែលត្រូវវេនឈប់សម្រាកកាលពីថ្ងៃទី៣ធ្នូ ក៏ម្ចាស់អាគារវិមានកាណាឌីយ៉ា តម្រូវឲ្យមកធ្វើតេស្ត និងធ្វើចត្តាឡីស័កទាំងអស់គ្នាដែរ។
ការធ្វើតេស្ត និងធ្វើចត្តាឡីស័កនេះ បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញបុគ្គលិកធនាគារចិន ម្នាក់ ឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៣ ខែធ្នូ។ ធនាគារចិន មានទីស្នាក់ការនៅអគារវិមានកាណាឌីយ៉ា នៅមហាវិថីព្រះមុនីវង្ស។ ក្រៅពីនៅជាន់ផ្ទាល់ដី ធនាគារចិន ក៏បានជួលការិយាល័យនៅច្រើនជាន់ទៀត ក្នុងវិមានកាណាឌីយ៉ា ដែលមានកម្ពស់ ២៧ជាន់។ ក្នុងនោះ នៅជាន់ទី២១ ដែលវិទ្យុបារាំង RFI ជួលធ្វើជាទីស្នាក់ការ ចាប់តាំងពីឆ្នាំ២០១៣ ក៏ស្ថិតនៅជាន់ជាមួយនឹងធនាគារចិនដែរ។
យ៉ាងណាក៏ដោយ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើបុគ្គលិកវិទ្យុបារាំង RFI និងអ្នកធ្វើការនៅអាគារវិមានកាណាឌីយ៉ា កាលពីថ្ងៃទី៣ធ្នូម្សិលមិញ មិនទាន់ចេញលទ្ធផលនៅឡើយទេ រហូតដល់ព្រឹកថ្ងៃទី៤ ខែធ្នូនេះ។
អ្នកកាសែតនៅវិទ្យុបារាំង RFI ក្នុងពេលធ្វើចត្តាឡីស័ក តាមផ្ទះ ក៏ឆ្លៀតធ្វើការ ដោយសរសេរជាព័ត៌មាន សម្រាប់បង្ហោះក្នុងវេបសាយរបស់វិទ្យុបារាំង RFI ជាភាសាខ្មែរ៕



