(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ អ្នកឆ្លងថ្មីទាំង ៤នាក់នោះ ជាបុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិក នៅហាងលក់កុំព្យួទ័រ ឈ្មោះ ឌីម កំព្យួទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរស អាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុស កូវីដ១៩ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
ចំណែក ៣នាក់ទៀត រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ ជាភរិយារបស់បុរស អាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋាន ស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយបុរសអាយុ ២៣ឆ្នាំ ដែលមានរកឃើញវីរុសកូវីដ១៩ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ កុមារា ជនជាតិខ្មែរ អាយុ ៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋាន នៅបូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលមានរកឃើញវីរុសកូវីដ១៩ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ រីឯម្នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រី អាយុ ២១ឆ្នាំ ដែលបានចូលទៅហាងនោះដែរ។
ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺថ្មីទាំង ៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានបន្ថែមថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ បានចំនួន ៩៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឲ្យអ្នកប៉ះពាល់ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ និងអញ្ជើញទៅធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងយកវត្ថុសំណាក នៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ និងនៅតាមមន្ទីរសុខាភិបាល ខេត្ត ( ដែលទទួលខុសត្រូវ ក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត )។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែធ្នូ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣៥នាក់។ ក្នុងនោះ ៣០៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ២៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ និង ៥នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )៕






