សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​សុន្ទរកថា​គន្លឹះ ក្នុងសម័យ​ប្រជុំ​ពិសេស លើក​ទី ៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្ដីពី “​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩” នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​បុរី​ញូវយ៉ក ត្រូវជា​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​។ 

​ក្នុង​កិច្ចប្រជុំ​ពិសេស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​មកដល់​បច្ចុប្បន្ន ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​រីក​រាលដាល​ដល់​គ្រប់​ប្រទេស និង​បានធ្វើ​ឲ្យ​មនុស្ស​រាប់សែន​នាក់​បាត់​បង់ជីវិត​។ ក្នុងន័យនេះ កម្ពុជា​យល់ឃើញថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ មិនគួរ​ត្រូវបាន​ប្រទេស​ណាមួយ ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ​។ ខណៈដែល​ជីវិត​មនុស្ស​រាប់លាន​នាក់ នៅ​ទូទាំង​ពិភពលោក កំពុងស្ថិត​នៅក្នុង​ហានិភ័យ ការធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ លើ​សមត្ថភាព​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង គឺ​មិនមាន​ប្រយោជន៍​អ្វី​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះឡើយ​។ ផ្ទុយទៅវិញ សាមគ្គីភាព និង​ឯកភាពគ្នា​ក្នុង​តំបន់ និង​ជាស​កល គឺជា​ធាតុ​សកម្ម មិនអាច​ខ្វះ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​បែបនេះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា បន្ថែម​លើ​នេះ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ជា​លក្ខណៈ​សកល​បែបនេះ ទាមទារ​នូវ​ការសម្រេចចិត្ត​រួមគ្នា ប្រកបដោយ​ភាព​ហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម និង​ការគោរព​ច្បាប់​អន្តរជាតិ គោរព​អធិបតេយ្យភាព​របស់រ​ដ្ឋ​នីមួយៗ ទោះជា​រដ្ឋ​នោះ ធំ ឬ​តូច មាន ឬ​ក្រ ក៏ដោយ ដោយមាន អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ជា​ស្នូល​»​។​

​សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សុខ​សភាព​ពិភពលោក ក្នុង​កិច្ចប្រឹងប្រែង​ជាស​កល ចំពោះ​ការឆ្លើយតប និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ​។ លើសពីនេះ​ទៀត សម្តេច​តេ​ជោ បន្ថែមថា កម្ពុជា ក៏​សូម​គូសបញ្ជាក់​អំពី​សារៈសំខាន់ និង​ភាពចាំបាច់​បំផុត សម្រាប់​ការធានា​ថា វ៉ាក់សាំង ដែល​ត្រូវបាន​រកឃើញ គឺជា​ទំនិញ​សាធារនៈ និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវបាន​ផ្គត់ផ្គង់ និង​ចែកចាយ​ក្នុង​ស្មារតី​មនុស្សធម៌ ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ ជាពិសេស ចំពោះ​ប្រទេស ដែល​ងាយ​រងគ្រោះ​បំផុត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់​បន្ថែមថា «​ទោះបីជា​វិបត្តិ​សុខភាព​សាធារណៈ​នេះ អាច​នឹង​បញ្ចប់ទៅ​នាពេល​អនាគត​ខ្លី​ខាងមុខ ប្រទេស​ទាំងអស់ នឹង​នៅតែ​ត្រូវ​ដោះស្រាយ​បន្តទៀត​នូវ​បញ្ហា​ប្រឈម ក្នុងដំណាក់កាល​នៃ​ការស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ​។ ជាការ​ពិត ជំនួយ​អាចជា​ចំណែក​តូច​មួយ​នៃ​ការស្តារ​នេះ ក៏ប៉ុន្តែ​កត្តា ដែល​សំខាន់​មិនអាច​ខ្វះ​បាន គឺ​ការបន្ត​រក្សាបាន​នូវ​យន្តការ​ពហុភាគី​និយម សកលភាវូបនីយកម្ម​និយម ពាណិជ្ជ​សរី​ភាវូបនីយកម្ម ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការវិនិយោគ ទេសចរណ៍​អន្តរជាតិ និង​ការធ្វើដំណើរ​ជាទូទៅ​។ ក្នុងន័យនេះ កម្ពុជា​គាំទ្រ​ពេញទំហឹង​នូវ​គំនិត​ផ្តួចផ្តើម​របស់​អគ្គលេខាធិកា​រ អ​.​ស​.​ប អំពី​ការបង្កើត​មូលនិធិ អ​.​ស​.​ប សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ និង​ការរៀបចំ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ ដែល​ត្រូវបាន​ដាក់ចេញ កាលពីដើម​ឆ្នាំនេះ​»៕

អត្ថបទដែលជាប់ទាក់ទង
មិត្តដែកថែប! ​ចិនជួយសាងសង់ផ្លូវ​ ​និងស្ពានឲ្យកម្ពុជា ​បានប៉ុន្មានហើយ?​
ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីបារាំង និយាយថាវ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព័ត៌មានជាតិ
បុគ្គលិកដទៃទៀត នៅហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវក្រសួង ណែនាំឲ្យធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
បុគ្គលិកវិទ្យុបារាំង RFI ភាសាខ្មែរ ធ្វើតេស្តរកមេរោគកូវីដ និងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ
ព័ត៌មានជាតិ
BEST TV: ស្ត្រីខ្មែររស់នៅប្រទេសបារាំង ចែករំលែកចំណេះដឹងពីរបៀបការពារខ្លួនពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រៅពី​ស្តា​ត​អូឡាំពិក ការធ្វើ​តេស្ត​ លើក​ទី​២ នៅថ្ងៃ​៨​ធ្នូ ក៏​នឹងធ្វើ​នៅ​ក្រសួងមហាផ្ទៃ​ដែរ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី