វិភាគ៖ វាសនាស្វាយ៣មែកនៃ អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលទទួល បានសិទ្ធិធ្វើនយោបាយ ហើយអ្នកខ្លះហេតុអ្វីនៅស្ងប់ស្ងាត់?​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ថ្មីៗនេះ មានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងយ៉ាងហោច១៤រូបហើយ ដែលបានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទីផ្តល់នីតិសម្បទានយោបាយឡើងវិញ។ ក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិទាំងនោះ មានមួយចំនួនបានទៅបង្កើតគណបក្សថ្មី ខ្លះនៅស្ងៀម ខ្លះបានមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ 

លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានទៅធ្វើជាប្រធានកិត្តិយស «គណបក្សឆន្ទៈខ្មែរ» ដែលមានកូនប្រុសរបស់លោកជាប្រធានបក្ស។

លោក រៀល ខេមរិន្ទ អតីតតំណាងរាស្ត្រ បានទៅបង្កើតគណបក្សថ្មីមួយដែរគឺ «គណបក្សខ្មែរអភិរក្សនិយម»។ ចំណែកឯអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំងមួយក្រុមទៀត ដឹកនាំដោយលោក ជីវ កត្តា អតីតតំណាងរាស្រ្ដ ក៏បានបង្កើតគណបក្សថ្មីមួយដែរគឺ «គណបក្សខ្មែរស្រលាញ់ជាតិ»។

ក្រៅពីនោះ មានអតីតថ្នាក់ដឹនាំនៃអតីតគណបក្សសង្រ្គោះជាតិចំនួន២រូប បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច។ អ្នកទាំង២រូបនោះ គឺលោក គង់ បូរ៉ា អតីតតំណាងរាស្រ្ត និងលោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្ដ។ 

យ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា នៅមានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំងមួយចំនួន ដែលទទួលបានសិទ្ធិធ្វើនយោបាយរួចហើយ តែមិនទាន់ឃើញបង្កើតគណបក្សថ្មី ឬធ្វើសកម្មភាពនយោបាយនៅឡើយទេ។ អ្នកទាំងនោះរួមមាន៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ដ, លោក សុន ឆ័យ ប្រធានក្រុមអតីតតំណាងរាស្រ្ដ, លោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក។

អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា មើលឃើញថា មានហេតុផល៣យ៉ាង ដែលនាំឲ្យអតីតថ្នាក់ដឹកនាំទាំងនោះ មិនទាន់ធ្វើសកម្មភាព៖ 

ហេតុផលទី១ ដោយសារកត្តាផ្ទាល់ខ្លួន៖ ពួកគេយល់ថា នៅពេលពួកគេទៅបង្កើតគណបក្សថ្មី ឬចូលរួមជាមួយគណបក្សណាមួយនោះ នឹងទទួលរងនូវការរិះគន់លាបពណ៌ ពីសំណាក់អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សប្រឆាំងនេះថា ជាជនក្បត់បក្ស។ ប្រភពផ្ទៃក្នុងនៃបក្សសង្គ្រោះជាតិ បានទម្លាយថា ក្រុមអ្នកចេះដឹងដូចជាលោក សុន ឆ័យ និងលោក វ៉ា សាមុន ជាដើម គឺស្អប់ក្រុមអាមាត្យនៅជុំវិញ សម រង្ស៊ី ខ្លាំងណាស់។ ក្រុមអាមាត្យគឺមាន អេង ឆៃអ៊ាង និង មួរ សុខហួរ ជាដើម ដែលក្រឡុកខាងក្នុងបក្សធ្វើឲ្យក្រុមចេះដឹងមិនចង់ទៅជិត ហើយមានតែសម្ងំស្ងៀម។

ហេតុផលទី២ ដោយសារកត្តាបរទេស៖ គេអាចឃើញច្បាស់ថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនធំ គឺមានសញ្ជាតិ២ឬ៣ ហើយពួកគេមានទំនាក់ទំនងជាមួយអ្នកនយោបាយជនបរទេស។ ជាបន្តបន្ទាប់ពួកគេធ្វើសកម្មភាពនយោបាយតាម «មេរៀនពីគ្រូបរទេសរបស់គេ»។ ម្យ៉ាងទៀត ក្រុមបរទេសនិយមនេះ តែងធ្វើសកម្មភាពនយោបាយស្របនឹងរបៀបវារៈភូមិសាស្ត្រ នយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចជាផលប្រយោជន៍បរទេស ដូចជាករណីបំផ្លាញផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាជាដើម។ ហេតុផលដែលច្បាស់បំផុត គឺគ្រូបរទេសមិនទាន់បើកភ្លើងខៀវ ឲ្យពួកគេធ្វើសកម្មភាពនយោបាយ។

ហេតុផលទី៣ គឺពេលវេលានៃការបោះឆ្នោតនៅសល់ពេលយូរ៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា នឹងធ្វើនៅឆ្នាំ២០២២ ហើយការបោះជាតិធ្វើនៅឆ្នាំ២០២៣។ ជាទម្លាប់ពួកប្រឆាំង មិនចំណាយពេលវេលានិងធនធានចុះ ធ្វើសកម្មភាពនយោបាយ ដែលនៅឆ្ងាយពីពេលវេលានៃការបោះឆ្នោតនោះទេ។ ពួកគេដឹងរបៀបយកចំណេញនយោបាយពីប្រជាជន ហើយពួកគេរង់ចាំកៀកពេលបោះឆ្នោត ទើបចុះទៅលួងតាមទម្លាប់។

សុភាសិតនយោបាយមួយឃ្លាពោលថា៖ «នយោបាយ គឺជាយុទ្ធសាស្ត្រ យុទ្ធវិធី កលវិធី និងកម្លាំង»។ គណបក្សប្រជាជនកម្ពុជា ប្រហែលមានចំណុចទាំង៤ខាងលើលើសលប់ ហើយនឹងមិនបណ្តោយផ្ទេរជ័យជម្នះទៅអ្នកចាញ់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល សម្រេចយក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​កន្លែង​ពិនិត្យ​យក​សំណាក ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
ខេត្ត​ព្រះសីហនុ ត្រៀម​អាគារ ៣​ទីតាំង សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក
ព័ត៌មានជាតិ
ម្ចាស់កាសែតប្រឆាំងដ៏ល្បី លោក Jimmy Lai ត្រូវប៉ូលិសហុងកុងចាប់ឃុំខ្លួនពីបទឆបោក
ព័ត៌មានជាតិ
TOP NEWS: សហរដ្ឋអាមេរិក​ សម្រេច​រឹតបន្តឹង​ទិដ្ឋាការ​ធ្វើដំណើរ​ សម្រាប់​សមា​ជិ​ក​បក្សកុម្មុយនិស្ត​ចិន​
ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍! ​ក្រឡាប់ឡានសង្រ្គោះ​បន្ទាន់​ដឹក​សពជនជាតិចិនម្នាក់ ​និង​សំណាក​កូវីត១៩​ ចំនួន៣កេស​ ពីព្រះសីហនុមកភ្នំពេញ
ព័ត៌មានជាតិ
វីដេអូសកម្មភាព ឯកឧត្តម ឆែម សាវុធ ពេលចូលប្រជុំជាមួយសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី