រដ្ឋមន្ត្រីកសិកម្ម៖ ​ការដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ​បានចាប់ផ្តើមហើយ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដោយបានពិនិត្យឃើញនូវឱកាសវិនិយោគលើវិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧។ មកទល់ថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។

បើតាមឯកឧត្តម វេង សាខុន តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ (ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០នាក់ ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container។ ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលៀងសំអាត និងវេចខ្ចប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។

សូមបញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ 

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបន្ថែមទៀតថា ដោយឡែក ចំពោះវឌ្ឍនភាពនៃការអនុវត្តពិធីសារនេះ យើងទទួលបានលទ្ធផលជាបន្តបន្ទាប់ ដូចជា អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៤៨ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។ 

ដំណាក់កាលទី១នេះ អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្រ្តីជំនាញចុះពិនិត្យ វាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន០១ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។ ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំ ឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ 

សកម្មភាពទាំងនោះរួមមាន (១) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ (៣) ​បណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ (៤) អង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និង(៥) ត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពដំណាំស្វាយ។ 

បន្ទាប់ពីសកម្មភាពទាំង៥ខាងលើ បានដំណើរការចប់សព្វគ្រប់ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋាន​ការអនុវត្តកសិកម្មល្អ និងចុះបញ្ជីជាកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិន រួចផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់ចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង
អតីតប្រធានាធិបតីបារាំងលោក Giscard d’Estaing អាយុ៩៤ឆ្នាំ ស្លាប់ដោយសារកូវីដ១៩
ព័ត៌មានជាតិ
BEST TV: ពេលដែលគ្មានឪពុកនៅក្បែរ តើជោគវាសនាកូនប្រុសសង្ហាទាំង ៣ នាក់របស់លោក ព្រាប សុវត្ថិនិងទៅជាយ៉ាងណា !
ព័ត៌មានជាតិ
TOP NEWS: សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីណែនាំពីការចេញ-ចូលក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់កូវីដ១៩
ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ​សិស្សថ្នាក់បឋមដែលធ្លាក់មធ្យមភាគប្រចាំឆ្នាំ ​មិនតម្រូវឲ្យធ្វើតេស្តឡើងថ្នាក់ទេ ​ប៉ុន្តែមានឱកាសមួយទៀត!​
ព័ត៌មានជាតិ
ស.ស.យ.ក. ឧបត្ថម្ភម៉ាស់ សាប៊ូ លាងដៃ ​និងបដាអប់រំផ្សព្វផ្សាយដល់សាខាទាំង២៥ រាជធានី-ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩​
ព័ត៌មានជាតិ
ស្ត្រីសម្រាលកូនចំនួន ៧០១៤នាក់ ​ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់ រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈបេឡាជាតិ សន្តិសុខសង្គម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី