(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បន្តឧបត្ថម្ភម៉ាស់ចំនួន ៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និង បដាអប់រំផ្សព្វផ្សាយចំនួន៣០០០បដា ដល់ ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥ សម្រាប់យុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានជំរុញ និងលើកទឹកចិត្តសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ឱ្យបន្តការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ បន្ថែមទៀត ជាពិសេសនៅតាមទីប្រជុំជន សាលារៀន និងផ្សារជាដើម ដើម្បីធ្វើយ៉ាងណាឲ្យវិសាលភាពនៃការផ្សព្វផ្សាយនេះ បានជ្រួតជ្រាបទៅដល់មូលដ្ឋាននានាទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរជម្រាបថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បាន និងកំពុងអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងចលនារួមរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕





