(ភ្នំពេញ)៖ អស់មួយរយៈធំហើយ ដែលបាត់ដំណឹងពីព្រះវត្តមានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ។ តាមការដឹងពីសាច់ញាតិរបស់សម្តេចក្រុមព្រះ បច្ចុប្បន្ន សម្តេចកំពុងស្ថិតនៅប្រទេសបារាំងជាមួយបុត្រាពីរព្រះអង្គ។
ឯកឧត្តម ចាប ញ៉ាលីវុធ សាច់ញាតិរបស់សម្តេចក្រុមព្រះ បានប្រាប់ Swift News នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖ «លោកគង់នៅខេត្តមួយក្នុងស្រុកបារាំង ខេត្តនោះគេដង្ហែរលោកទៅដើម្បីឲ្យលោកចូលទៅពេទ្យ ជាពេទ្យមើលមនុស្សចាស់ៗ ដែលមានជំងឺគេជួយ ហើយលោកជាអ្នកធ្វើការរាជការ រដ្ឋការ នៅនឹងផង លោកគង់នៅនឹងស្រួលជាង»។
ឯកឧត្តម បានបន្តថា៖ «លោកគង់បានមួយរយៈ ឥឡូវបានចេញពីដំណាក់ពេទ្យហើយ។ ពេទ្យថា អត់មានអីទៀតទេ ប៉ុន្តែពេទ្យផ្តល់យោបល់មិនគួរឲ្យធ្វើដំណើរឆ្ងាយ តែចំពោះរបួសអ្វីៗនោះ គឺបានជាអស់ហើយ។ ដោយសារសម្តេចក្រុមព្រះគង់យូរ ពេទ្យនៅបារាំងបានណែនាំឲ្យព្រះអង្គធ្វើចលនា ហាត់ប្រាណ ដើម្បីឲ្យសាច់ដុំដើរបានស្រួល»។
ឯកឧត្តម បានបញ្ជាក់ថា ចំពោះព្រះសុខភាពព្រះអង្គ មិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ហើយព្រះអង្គនឹកស្រុកខ្មែរ ចង់តែយាងមកវិញឆាប់ៗ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ១៩ នៅប្រទសបារាំង ដូច្នេះមិនទាន់អាចយាងមកបាននៅឡើយទេ៕




