(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ បានបញ្ជាក់ថា៖ លទ្ធផលផ្លូវការសម្រាប់ខ្ញុំនៅលើ «តេស្តកូរវីដ១៩» នៅព្រឹកនេះគឺ « អវិជ្ជមាន»។ ទោះបីជាយ៉ាងណា [យើង]នឹងត្រូវស្នាក់នៅដាច់ពីគ្នានិងតាមដានសុខភាពរបស់ខ្ញុំក្នុងអំឡុងពេល១៤ថ្ងៃ។
ឯកឧត្តម ហ៊ុន ម៉ានី មានឈ្មោះក្នុងបញ្ជីរួម៦៦នាក់ ដែលលេខាធិការដ្ឋានរដ្ឋសភាបានផ្ញើទៅរដ្ឋមន្ត្រីសុខាភិបាល សង្ស័យមានការពាក់ព័ន្ធដោយប្រយោលជាមួយឯកឧត្តម ឡូយ សុផាត ជាតំណាងរាស្ត្រ ពាក់ព័ន្ធផ្ទាល់ជាមួយឯកឧត្តម ឆែម សាវុធ។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភ័ក្ត្ររួមការងារ និងអ្នករាល់គ្នា ដែលបានផ្ញើសារបង្ហាញពីក្តីបារម្ភ និងបានជូនពរចំពោះខ្ញុំ។ ខ្ញុំពិតជារំភើបរីករាយចំពោះពាក្យពេចន៍របស់អ្នក ហើយជាមនោសញ្ចេតនាដ៏ថ្លៃថ្លា ដែលមិនអាចរកពាក្យនិយាយអស់បានពីដួងចិត្ត»៕



