(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់នៅតែអនុវត្តតួនាទី ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។
សារសំឡេងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែល Swift News ទទួលបាននៅថ្ងៃទី១ ខែធ្នូនេះ បានថ្លែងថា៖ «ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃនេះ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩នេះ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន»។ ដោយឡែក ការពិនិត្យជាតិអាល់កុលនៅពេលយប់ក៏ត្រូវផ្អាកដូចគ្នាផងដែរ។
យ៉ាងណាក៏ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅរបស់ខ្លួនដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ៕




