(ភ្នំពេញ)៖ «សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អ ហើយជៀសឲ្យឆ្ងាយពីជំងឺកូវីដ១៩។ ដោយឡែកការរាលដាលជំងឺកូវីដបច្ចុប្បន្ននេះ មានទំហំធំ ដែលមិនទាន់កំណត់បាន ហើយក៏មានការប្រកាសដើម្បីឲ្យបងប្អូនដែលមានការពាក់ព័ន្ធទៅធ្វើតេស្តនៅទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល»។ នេះជាសាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នៅថ្ងៃទី១ ខែធ្នូនេះ។
គណនីហ្វេសប៊ុករបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្តថា «ខ្ញុំសូមជូនយោបល់បន្ថែមថា ដើម្បីចូលរួមជួយការពារការរាលដាលជំងឺកូវីដនេះ គឺពេលបងប្អូនទៅធ្វើតេស្តនៅទីតាំងនីមួយៗដែលបានកំណត់នោះ សូមកុំភ្លេចពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។ មូលហេតុ ប្រសិនក្នុងករណីមានអ្នកផ្ទុកមេរោគនេះទៅធ្វើតេស្ត ហើយយើងមិនបានរក្សាគម្លាតទេនោះ ទីកន្លែងនោះ នឹងក្លាយជាកន្លែងដែលចម្លងជំងឺនេះផងដែរ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន និងរក្សាគម្លាតសង្គម កុំប្រជ្រៀតគ្នា អត់ធ្មត់ និងអត់អោនឲ្យគ្នាទៅវិញទៅមក»។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏សូមអរគុណដល់ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប៉ុន្មានថ្ងៃនេះ៕



