(ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកយុទ្ធនាការផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ទូតអាមេរិក ថាជា «យុទ្ធនាការល្អ តែខុសកាលៈទេសៈ»។
សាររបស់ ឯកឧត្តម ជិន ម៉ាលីន ដែល Swift News ទទួលបាននៅរសៀលថ្ងៃទី១ ខែធ្នូនេះ ឯកឧត្តមបានលើកឡើងថា៖ «ជាទស្សនៈផ្ទាល់ខ្លួន ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពី COVID-19 នាពេលនេះ ស្ថានទូតអាមេរិករួមទាំងអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិផ្សេងទៀត គួរតែរួមគ្នាចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 នេះ ចូលដល់សហគមន៍ ដើម្បីទទួលបានការគាំទ្រនិងស្វាគមន៍ពីប្រជាជាតិខ្មែរទូទាំងប្រទេស»។
ឯកឧត្តមបានបន្តថា៖ «វិធានការទប់ស្កាត់ការរីករាលដាលនៃការឆ្លង COVID-19 ចូលដល់សហគមន៍នាពេលនេះ គឺដើម្បីការពារនិងសង្រ្គោះអាយុជីវិតរបស់ពលរដ្ឋ ដែលជាការធានាបាននូវសិទ្ធិជាមូលដ្ឋានមួយរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត ដែលសិទ្ធិនេះមានអាទិភាជាងសិទ្ធិណាៗទាំងអស់ ហើយប្រសិនបើសិទ្ធិនេះមិនត្រូវបានធានា និងការពារនោះទេ សិទ្ធិផ្សេងៗទៀត ក៏នឹងពុំមានអត្ថិភាពនិងតម្លៃអ្វីដែរ»។
គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាស ចាប់ផ្តើមយុទ្ធនាការ «បញ្ចេញសម្លេងលើផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ក្នុងខែធ្នូនេះ។ បើតាមទូតអាមេរិក យុទ្ធនាការនេះ ជាផ្នែកមួយនៃការរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា៕




