(អន្តរជាតិ)៖ អ្នកវិភាគអាមេរិកម្នាក់ បាននិយាយថាយោងតាម ប្រភពចំនួនពីរបានមកពីក្រុមស៊ើបការណ៍សម្ងាត់ជប៉ុន ដែលមិនបញ្ជាក់អត្តសញ្ញាណ បានឱ្យដឹងថា ចិនបានផ្តល់វ៉ាក់សាំង ប្រឆាំងវីរុស COVID-19 ទៅប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
លោក Harry Kazianis ក៏បានអះអាងថា លោក គីម និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួន បានចាក់ថ្នាំវ៉ាក់សាំងនេះរួចរាល់ហើយដែរ។ លោកបានបន្ថែមថា លោកមិនច្បាស់ថាតើវ៉ាក់សាំងដែលចិន បានផ្តល់ឲ្យកូរ៉េខាងជើងនោះ ជាបេក្ខភាពវ៉ាក់សាំង ឬក៏ជាវ៉ាក់សាំងដែលទទួលបានការអនុម័ត ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
សូមរំលឹកថា កូរ៉េខាងជើងនៅតែគ្មានករណីឆ្លង COVID-19 ឡើយសូម្បីតែមួយករណី ស្របពេលថ្មីៗនេះមេដឹកនាំកូរ៉េខាងជើងបានបើកកិច្ចប្រជុំដើម្បីដោះស្រាយបព្ហាសេដ្ឋកិច្ចប្រទេសខ្លួន ដែលកំពុងរងគ្រោះដោយសារតែជំងឺឆ្លងកូវីដ និងការដាក់ទណ្ឌកម្មពីអន្តរជាតិ៕



