(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់សាធារណៈជន និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន បក់ខ្លាំង។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាស នឹងចុះត្រជាក់ លើកទី១ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
តាមសេចក្តីជូនដំណឹង ក្នុងរយៈពេល ៤ថ្ងៃ ដែលធាតុអាកាសនឹងចុះត្រជាក់នេះ នាំឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងមានសីតុណ្ហភាពចន្លោះពី ១៩-២៨°C។ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពចន្លោះពី ១៧-២៧°C និងតំបន់មាត់សមុទ្រ អាចមានសីតុណ្ហភាព ចន្លោះពី ២១-២៩°C។
សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករថា ក្នុងរដូវរំហើយ ក្នុងខែធ្នូ ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជាយើង នឹងមានធាតុអាកាសចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។ នោះគឺធាតុអាកាស នឹងចាប់ផ្តើមចុះត្រជាក់ លើកទី១ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ រីឯការចុះត្រជាក់ លើកទី២ នឹងចាប់ពីសប្តាហ៍ទី៤ ក្នុងខែធ្នូ ដល់បំណាច់ខែមករា ឆ្នាំ២០២១៕




