(ខេត្តកណ្តាល)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល ៣ខែបន្ថែមទៀត ដល់គ្រួសារ និងអ្នកងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩។ ក្រុមគ្រួសារ និងអ្នកងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់តាំងពីខែមិថុនា មកដល់ខែតុលានេះ មានចំនួនប្រមាណ ៦០ម៉ឺនគ្រួសារ ត្រូវជាប្រមាណជាង ៣លាននាក់។
ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តគ្រប់វិធានការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវបន្តរយៈពេល ៣ខែទៀត ដូចជា ការឧបត្ថម្ភធន បន្ថយ និងលើកលែងពន្ធដល់ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក៏ដូចជាការឧបត្ថម្ភដល់បុគ្គលិកកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ព្រមទាំងការបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ដែលសម្រាលកូន ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដូច្នេះ ក្នុងពេលសម្តេច អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូង នៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ ពិធីសម្ពោធ នាព្រឹកនេះ បានធ្វើឡើង ក្រោមដំណក់ទឹកភ្លៀង៕




