(ភ្នំពេញ)៖ យោងតាមគណនីFacebook ផ្លូវការរបស់អ្នកនាង សឿង បញ្ញា ដែលជាបុគ្គលិកឆ្នើម និងជាអគ្គនាយិកា របស់ក្រុមហ៊ុន ចំការកៅស៊ូ ទេពី អាក្រូ អ៊ិនវេសមេន ខូអិលធីឌី របស់លោកឧកញ៉ា លី សុភ័ក្ក បានបង្ហោះឲ្យដឹងថា អ្នកនាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឧកញ៉ា លី សុភ័ក្ក និងលោកជំទាវ សរ ចាន់ណែត ដែលបានផ្តល់ចំណងដៃក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមី នូវរថយន្តសេរីទំនើបម៉ាក់ TOYOTA LAND CRUISER មួយគ្រឿង ទូរស័ព្ទដៃ Iphone សេរីខ្ពស់មួយគ្រឿង រួមទាំងការរ៉ាប់រងថ្លៃចំណាយលើកម្មវិធីអាពាហ៍ ពិពាហ៍ទាំងមូលអស់ថវិការជាង៣ម៉ឺនដុល្លារ។
តាមរយៈកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ Swift News អ្នកនាង សឿង បញ្ញា បានប្រាប់ឲ្យដឹងថា អ្នកនាងពិតជារីករាយយ៉ាងក្រៃលែង ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧកញ៉ា លី សុភ័ក្ក និងលោកជំទាវ សរ ចាន់ណែត ដែលលោកទាំងពីរ បានចំណាយពេលដ៏មានតម្លៃចូលរួមកម្មវិធីតាំងពីដើម រហូតដល់ចប់ អ្នកនាងពិតជា គោរពអរគុណនូវទឹកចិត្តដ៏មហាសណ្តោសចំពោះអ្នកនាង និងស្វាមី។ អ្នកនាងបានគោរពជូនពរលោកឧកញ៉ា និងលោកជំទាវ ជួបតែសំណាងល្អ ជោគជ័យ និងមានសុភមង្គលជានិច្ចនិរន្តន៍ផងដែរ។
អ្នកនាង សឿង បញ្ញា បានរៀបរាប់ពីប្រវត្តិខ្លះៗរបស់ខ្លួនឲ្យ Swift News ដឹងថា អ្នកនាង បានចាប់ផ្តើមចូលធ្វើការដំបូងក្នុងក្រុមហ៊ុនចំការកៅស៊ូ របស់លោកឧកញ៉ា លី សុភ័ក្ក គឺនៅឆ្នាំ២០១២ មានតួរនាទីជាជំនួយការគណនេយ្យ ដោយចាប់ផ្តើមពីប្រាក់ខែ១៨០$។
បន្តាប់ពីឆ្លងកាត់ជីវិតតស៊ូព្យាយាមខិតខំប្រឹងប្រែងទៅលើការងារដែលទទួលបានផ្លែផ្កាជាបន្តបន្ទាប់នៅឆ្នាំ២០១៥ អ្នកនាងត្រូវបានតែងតាំងជាក្រុមជំនួយការប្រធានក្រុមព្រឹក្សាភិបាលផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។បន្ទាប់មកនៅចុងឆ្នាំ២០១៨ ត្រូវបានតែងតាំងជា អគ្គនាយកនៃក្រុមហ៊ុនកសិកម្ម គ្រប់គ្រងរួម ដែលតែងតាំងផ្ទាល់ដោយលោកឧកញ៉ា លី សុភ័ក្ក។អ្នកនាង សឿង បញ្ញា និងលោក ហុង ឌីណា បានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ដោយទទួលបានចំណងដៃយ៉ាងច្រើនពីលោកឧកញ៉ា លី សុភ័ក្ក និងលោកជំទាវ សរ ចាន់ណែត ព្រមទាំងក្រុមការងារ និងបងប្អូនញ្ញាតិមិត្តផងដែរ។




