(ភ្នំពេញ)៖ ក្នុងកិច្ចប្រចុំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អង្គការ ICAPP លើកទី ៣៤ តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ីអាយកាប់ (ICAPP) អនុប្រធានទី ២ នៃរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានគូសបញ្ជាក់ពីសារៈសំខាន់របស់គណបក្សនយោបាយជាសមាជិកអង្គការ ICAPP ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយម និងពង្រឹងនូវសាមគ្គីភាពអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
ក្នុងសុន្ទរកថារបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអំពាវនាវអោយរក្សាកម្លាំង និងបន្តរកវ៉ាក់សាំងពហុភាគីនិយ ដោយបានសង្កត់ធ្ងន់ថា “វ៉ាក់សាំង គួរតែត្រូវផ្តល់ឱ្យដល់គ្រប់គ្នា និងមានតម្លៃសមរម្យ”។ ដោយឡែក ទាក់ទងនឹងការស្តារឡើងវិញក្រោយកូវីដ-១៩ លោកជំទាវបានលើកឡើងថា គណបក្សនយោបាយមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការស្តារឡើងវិញប្រកបដោយភាពបៃតង និងបរិយាប័ន្ន។
លោកជំទាវគូសបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកម្ពស់ការតភ្ជាប់ទំនាក់ទំនងស៊ីវីល័យ និងការរំពឹងចង់ឃើញនូវអនាគតរួមមួយសម្រាប់អាស៊ី។ លោកបានថ្លែងថា ACC បានបង្កើតភាពជាដៃគូជាមួយនឹងស្ថាប័នអង្គការអន្តរជាតិជាច្រើនរួមមាន អង្គការយូណេស្កូ អង្គការទីក្រុងបេតិកភណ្ឌពិភពលោក និងរដ្ឋាភិបាលខេត្តឃ្យុងសាងបុកដូ ហើយក៏បានអនុវត្តយ៉ាងសកម្មនូវគម្រោងគំរូតេជោភូមិ ១០០ ដោយសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដោយក្នុងនោះក៏មានការចូលរួមពីធនាគារអភិវឌ្ឍអាស៊ី ដែលបានផ្តល់ជំនួយបចេ្ចកទេសដល់រដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគម្រោងសាកល្បងរបស់គម្រោងគំរូតេជោភូមិ ១០០។
សូមជម្រាបថា សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ដែលហៅកាត់ ICAPP មានគណបក្សនយោបាយចំនួន៣៥២ ជាសមាជិកមកពី៥២ ប្រទេសនៅអាស៊ី។ ICAPP មានគោលបំណងជំរុញកិច្ចពិភាក្សា ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ក្នុងតំបន់តាមរយៈបណ្តាគណបក្សនយោបាយ។ គណបក្សប្រជាជនកម្ពុជា គឺជាសមាជិកដ៏សកម្មរបស់អង្គការ ICAPP ចាប់ពីឆ្នាំ២០០៥ មក។ ICAPP បានរួមមតិគ្នាបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ឡើង ដោយពេលនេះលោកជំទាវ ឃួន សុដារី ជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)នេះ៕




