(ភ្នំពេញ)៖ សាកលវិទ្យាល័យរដ្ឋដ៏ធំមួយ គឺសាកលវិទ្យាល័យជាតិ នឹងអនុវត្តគម្រោងជំរុញឲ្យនិស្សិត និងបុគ្គលិកទាំងអស់ ប្រើដបទឹកផ្ទាល់ខ្លួនជំនួសឲ្យការប្រើប្រាស់ដបប្លាស្ទិក ចាប់ពីឆ្នាំ២០២១តទៅ។
តាមរយៈគម្រោង BESD របស់យូអិនឌីភី ដែលគាំទ្រដោយស្ថានទូតស៊ុយអែត សាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងធ្វើការអនុវត្តគម្រោង «បរិស្ថានដែលគ្មានប្លាស្ទិក» នៅក្នុងអាគារ F ជាន់ទី ១។
ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ កន្លែងដែលបានកំណត់នេះ នឹងត្រូវបានបំពាក់ជាមួយម៉ាស៊ីនចម្រោះទឹក ដើម្បីលើកទឹកចិត្តដល់និស្សិត និងបុគ្គលិកទាំងអស់ឱ្យប្រើដបទឹកផ្ទាល់ខ្លួនជំនួសឱ្យការប្រើប្រាស់ដបប្លាស្ទិក។
គួរជម្រាបថា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ដែលមានឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ប៉ុន្តែនៅអំឡុងទស្សវត្ស៩០ ក៏ត្រូវបានប្ដូរឈ្មោះទៅជាមហាវិទ្យាល័ពាណិជ្ជកម្ម។ នៅឆ្នាំ២០០៤ វាក៏ត្រូវបានដាក់ឈ្មោះថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ដូចសព្វថ្ងៃនេះ។
NUM គឺជាសាកលវិទ្យាល័យរដ្ឋដែលផ្ដោតការបណ្ដុះបណ្ដាលទៅលើជំនាញពាណិជ្ជកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ NUM មានទីតាំងស្ថិតនៅកែងផ្លូវព្រះមុន្នីវង្ស ក្បែរស្ថានីយ៍រថភ្លើងក្នុងរាជធានីភ្នំពេញ៕




