(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា រួមមាន ម៉ាសចំនួនជាង ២លាន និងបរិក្ខារពេទ្យចំនួន ១២មុខ បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចេញដំណើរ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមរម្លឹកថា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបរិច្ចាគម៉ាស ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ សម្តេចតេជោ បានចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។
ក្នុងលិខិតជម្រាបជូនលោកជំទាវ អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី២៤ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន ជាដំបូង បានសំដែងជាថ្មីម្តងទៀតនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ ជូនលោកជំទាវ ចំពោះជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។
តាមសម្តេចតេជោ ជ័យជម្នះរបស់លោកជំទាវ អ៊ុងសាន ស៊ូជី បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពក្នុងការដឹកនាំមីយ៉ាន់ម៉ា ឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរ ក្នុងកិច្ចផ្សះផ្សារ និងកសាងជាតិ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេង សម្រាប់សហគមន៍អាស៊ាន។
ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបរិច្ចាគនូវម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
សម្តេច បានចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា តាមយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ សម្តេច ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា។
សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជា ក៏បានផ្តល់ម៉ាសជាង ២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដឹកតាមយន្តហោះពិសេស ប្រគល់ជូនរដ្ឋាភិបាលឡាវ នៅទីក្រុងវៀងចន្ទន៍ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ផងដែរ៕
( រូបថត @ Facebook សយ ចាន់ លក្ខិណា )




