Top News៖ សម្តេច​តេ​ជោ ហ៊ុន សែន សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ជាណា​ចក្រ​កម្ពុជា បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធានការ​នានា ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​ពិភពលោក ដែលជា​ក្តីកង្វល់ និង​ផលប្រយោជន៍​រួម រាប់បញ្ចូល​ទាំង​កិច្ចសហការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​

​លទ្ធផល​នៃ​កិច្ចសន្ទនា​នេះ ត្រូវបាន​ក្រសួងការបរទេស ប្រកាស​នៅ​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ​វៀតណាម ចំពោះ​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ជាពិសេស​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP)​។ 

​ក្រសួងការបរទេស បន្តថា នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សម្តែង​នូវ​ការពេញចិត្ត​លើ​ការរីកចម្រើន​ដ៏​ល្អប្រសើរ នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម នាពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ និង​បាន​ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ក្នុង​ស្មារតី​នៃ​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​សិ្ថ​រ​ភាព​យូរអង្វែង​។​​

​សេចក្តីប្រកាស​បន្ថែមថា នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សង្កត់ធ្ងន់​នូវ​សារសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ទិស​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​គោលបំណង​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់​ក្រសួង​-​ស្ថាប័ន​នានា និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នៃ​ប្រទេស​រៀងៗ​ខ្លួន ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ធុរជន ក៏ដូចជា​លើកកម្ពស់​ការអនុវត្ត​វិធានការ​បង្ការ ដើម្បី​ដោះស្រាយ​បញ្ហា​នានា នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដែល​អាច​កើតឡើង​ជាយថាហេតុ​ឱ្យបាន​ទាន់ពេលវេលា​។ 

​ក្រសួងការបរទេស បន្ថែមថា ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​អះអាង​សាជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ក្នុងទិសដៅ​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តំបន់​ព្រំដែន​។ 

​ថ្នាក់ដឹកនាំ​ទាំងពីរ បានកត់សម្គាល់​ដោយ​ពេញចិត្ត ដែល​កម្ពុជា និង​វៀតណាម បាន​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ប្រកបដោយ​ជោគជ័យ​។  

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម ដែល​បានផ្តល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​សម្របសម្រួល​ឲ្យ​និស្សិត​កម្ពុជា​រាប់រយ​នាក់ បាន​ត្រឡប់ ទៅ​សិក្សា​នៅ​ប្រទេសវៀតណាម​វិញ​។ 

​ក្រសួងការបរទេស បន្ថែមថា នាយករដ្ឋមន្ត្រី​វៀតណាម បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រក្សាបាន​នូវ​ស្ថិរភាព សេដ្ឋកិច្ច និង​សង្គម​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ក្នុង​ពិភពលោក​។ 

ក្រសួងការបរទេស បន្ថែមថា ​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​អបអរ​សារ​ទរ​ចំពោះ​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​​សន្ធិសញ្ញា​​កំណត់​ព្រំដែន​​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​លើ​ពិធីសារ​ទទួលស្គាល់​ការ​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឆ្នាំ​២០១៩​។ 

​នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​គូសបញ្ជាក់​នូវ​សារសំខាន់​នៃ​ការផ្លាស់ប្តូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។ ភាគី​ទាំងពីរ បាន​ឯកភាព​ព​ន្លឿ​ន​នីតិវិធី ដើម្បី​ផ្លាស់ប្តូរ​លិខិត​តូប​ករ​ណ៍ នៃ​ការផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញបន្ថែម និង​ពិធីសារ​ឆ្នាំ​២០១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ដោះស្រាយ​កំណាត់​ខ្សែ​ព្រំដែន ដែល​នៅ​សេសសល់​ចំនួន​១៦%ក្នុង​គោលបំណង​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​វៀតណាមជា​ព្រំដែន​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ​លើក​ទី​១៨ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ប្រទេស​កម្ពុជា​។ 

​នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្របខណ្ឌ​តំបន់ និង​ពហុភាគី ដូចជា អនុតំបន់​មេគង្គ អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​។​

​ក្រសួងការបរទេស បន្ថែមថា កិច្ចសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​ប្រមុខ​ដឹកនាំ​ទាំងពីរ ត្រូវបាន​ធ្វើឡើង ក្នុង​បរិយាកាស​ស្និទ្ធ​សា្ន​ល​បំផុត ឆ្លុះបញ្ចាំង​ពី​សាមគ្គី​ភាពជា​ភាតរភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​៕​

( រូបថត @ Fresh News )

អត្ថបទដែលជាប់ទាក់ទង
នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ក្រុម​មេធាវី​ស្ម័គ្រចិត្ត ១៥០​នាក់​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា​៖ ចេញ ២​នាក់ តែ​ចូល​វិញ​ម្នាក់​!
ព័ត៌មានជាតិ
កញ្ញា សេង ធា​រី​៖ ពី​ប្រធាន​អង្គការ​សង្គម​ស៊ីវិល មកជា​សកម្មជន​បក្ស​ប្រឆាំង ទីបំផុត​ត្រូវ​ឡើង​តុលាការ​ក្នុង​សំណុំរឿង «​រួមគំនិត​ក្បត់​» និង​ប្រកាស​ត្រៀម​ជាប់គុក​!
ព័ត៌មានជាតិ
ប្រមុខ​ការទូត​កម្ពុជា ចែករំលែក​បទពិសោធ​ន៍​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជ​ងឺ​កូ​វីដ​១៩ នៅក្នុង​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី
ព័ត៌មានជាតិ
និស្សិត​កម្ពុជា ១២៨ នាក់ ដែល​បញ្ចប់​ការសិក្សា ខាង​ជំនាញ​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល នឹង​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា ហើយ ២៥០​នាក់ ផ្សេងទៀត ត្រលប់​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី