(ភ្នំពេញ)៖ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ។ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique ផ្សព្វផ្សាយដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកានេះ។
គួរជម្រាបថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បានដាក់ចេញយុទ្ធសាស្ត្រ៣យ៉ាង ឬហៅថាសមរភូមិ៣៖ ទី១ គឺការទប់ស្កាត់ការឆ្លងរីក រាលដាលរបស់ជំងឺនេះពីខាងក្រៅកុំឲ្យចូលមកកម្ពុជា,ទី២ គឺការទប់ស្កាត់កុំឲ្យឆ្លងចូល ក្នុងសហគមន៍ និងទី៣ គឺការយកចិត្តទុកដាក់ ព្យាបាលដើម្បីសង្គ្រោះអ្នកឆ្លងកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា នាពេលថ្មីៗនេះបានបញ្ជាក់ដែរថា «បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ»។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ និងផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។
នឹងនេះ សម្តេចតេជោ ក៏សូមអរគុណផងដែរ ដល់បងប្អូន ដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃតាមល័ក្ខខណ្ឌ័តម្រូវនៃការធ្វើចត្តាឡីស័ក៕



