(អន្តរជាតិ)៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) ដែលគ្របដណ្តប់ប្រមាណជា ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយប្រទេសជាសមាជិកទាំង១៥ នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯកិច្ចប្រជុំកំពូល RCEP លើកទី ៤ នៅទីក្រុងហាណូយ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនាពេលនេះ បង្កើតបាននូវ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃ ទំហំ ពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
កិច្ចព្រមព្រៀង RCEP ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១២ នារាជធានីភ្នំពេញ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងសំដៅជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដើមឡើយប្រទេសដែលគ្រោងនឹងចងជាសមាជិកនៃកិច្ចព្រមព្រៀងនេះមានចំនួន ១៦ប្រទេស ក្នុងនោះប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៦ផ្សេងទៀតរួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ និងឥណ្ឌា។ ប៉ុន្តែក្នុងកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៩កន្លងទៅនេះ ប្រទេសឥណ្ឌា បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះវិញ៕



