(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣វិច្ឆិកា បានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគ មាន ២៥៦៧ វត្ថុសំណាក់ ( ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បាន ៨២៦នាក់ ) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ជាការធ្វើតេស្តលើកទី៣ លើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា។ ក្នុងនោះ មានទាំងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ រួមទាំងអ្នកកាសែតសរុបជាង ១០០០នាក់។ លទ្ធផល ២លើកកន្លងមក គឺអ្នកទាំងអស់នេះ មិនមានឆ្លងជំងឺកូវីដ១៩ឡើយ។
អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៤វិច្ឆិកា នឹងត្រូវធ្វើតេស្តម្តងទៀត លើកចុងក្រោយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕




