(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយដើម្បីជម្រាបដល់ ឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បម្រើ ឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។
ក្នុងសេចក្ដីជូនដំណឹងនេះសម្ដេចក្រឡាហោម ស ខេង បានជម្រាបដល់អភិបាលរាជធានី ខេត្តទាំងអស់ ថា ផ្អាកតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតំបន់មួយចំនួន បានធ្វើការកំណត់ច្បាស់លាស់រួចហើយ។ ប៉ុន្តែតំបន់ខ្លះនៅមិនទាន់បានសិក្សា និងកំណត់ឲ្យបានច្បាស់លាស់នៅឡើយ ដែលជាហេតុនាំឲ្យមានការប្រទាញប្រទង់ដណ្ដើមសមត្ថកិច្ចគ្នា ក្នុងការគ្រប់គ្រងបានជះឥទ្ធិពលមិនល្អដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងកិច្ចការផ្សេងៗទៀតនៅតំបន់ទាំងនោះ។
ក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងព្រំប្រទល់រដ្ឋបាល មិនទាន់មានភាពច្បាស់លាស់ឲ្យសម្រេចបានទាន់ពេលវេលា សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ក្រសួងមហាផ្ទៃស្នើ ឯកឧត្ដម លោកជំទាវ ជំរុញគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី ខេត្ត ដែលបានបង្កើតនាពេលកន្លងមកឲ្យធ្វើការសិក្សា និងវាយតំលៃលម្អិតឲ្យបានច្បាស់លាស់ អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមកត្តាប្រជាសាស្រ្ដ និងភូមិសាស្រ្ដ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងដដែលនេះ ថា ចំពោះព្រំប្រទល់រដ្ឋបាលរាជធានី ខេត្តដែលមិនទាន់មានភាពច្បាស់លាស់ ឬមានទំនាស់រវាងរាជធានី និងខេត្ត រវាងខេត្ត និងខេត្ត ស្នើ ឯកឧត្ដម លោកជំទាវ ត្រូវពិនិត្យ សិក្សា សម្របសម្រួល និងដោះស្រាយឲ្យមានការឯកភាពគ្នារួច ធ្វើរបាយការណ៍លម្អិតអំពីលទ្ធផលសម្រេចបាន និងលើកសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាលមកក្រសួងមហាផ្ទៃ ឲ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំ២០២០ជាកំហិត ដើម្បីក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការពិនិត្យ និងលើកយោបល់ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាបាល៕




