(ភ្នំពេញ)៖ យុទ្ធនាការ «តោះលេងហ្គេម #១ដុល្លារសម្រាប់កុមារកម្ពុជា» ចាប់ផ្តើមពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បង្កើតឡើងនៅក្នុងព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលយុទ្ធនាការនេះបានក្លាយទៅជាចលនាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម Facebook។
យុទ្ធនាការនេះ មានគោលបំណងជម្រុញ និងបំផុសស្មារតីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យចូលរួម ទាំងអស់គ្នាក្នុងចំនួនទឹកប្រាក់ ១ដុល្លារ បរិច្ចាគមកកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តដំណើរការប្រតិបត្តិក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជាតទៅមុខទៀត ខណៈពេលដែលមន្ទីរពេទ្យ យើងខ្ញុំកំពុងតែជួបការលំបាលក្នុងការស្វែងរកមូលនិធិពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
មន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានចាប់ផ្តើមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ហើយការរត់នេះគឺសាយ ធ្វើការរត់តែម្នាក់ឯងតាមបណ្តោយផ្លូវជុំវិញព្រំដែនប្រទេសកម្ពុជារយៈពេលសរុប ៩៩ថ្ងៃ និងគិតមករហូតដល់វេលាម៉ោង ១១ព្រឹក នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនទឹកប្រាក់សរុបដែលមន្ទីរពេទ្យកុមារអង្គរទទួលបានពីព្រឹត្តិការណ៍ទាំងមូលគឺ ៣១៧ ៨០៣,៩៣ដុល្លារអាមេរិក ដែលក្នុងនោះមានទឹកប្រាក់ចំនួន ២៦៦ ៨៨៥,៨៩ ដុល្លារអាមេរិក បានមកពីការបរិច្ចាគតាមរយៈយុទ្ធនាការ «តោះលេងហ្គេម #១ដុល្លារសម្រាប់កុមារកម្ពុជា»៕




