(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីទើបតែជាប់ឆ្នោតរបស់អាមេរិកលោក Joe Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានពិគ្រោះយោបល់ជាមួយអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញថែរក្សាសុខភាព ដើម្បីប្រកាសបង្កើតសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈដែលករណីឆ្លងនៅអាមេរិកកើនដល់១០លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់ DW នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Biden បានប្រកាសថា លោកនឹងចាត់តាំងអ្នកជំនាញចំនួន ១៣នាក់ សម្រាប់ក្រុមការងាររាតត្បាត ដែលពួកគេនឹងត្រូវផ្ដល់ការណែនាំឱ្យគាត់។ លោកបាននិយាយថា នៅពេលការបោះឆ្នោតបានចប់ហើយ លោកនឹងបង្រួបបង្រួមជនជាតិអាមេរិកឡើងវិញ ក្នុងគោលដៅរួមគ្នានៅក្នុងការកម្ចាត់ជំងឺ COVID-19 នេះ។
ក្នុងនោះផងដែរលោក Biden បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដាគឺលោក Justin Trudeau ហើយមេដឹកនាំទាំង ២ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ចំណែកលោក ដូណាល់ ត្រាំ ឯណោះវិញបានប្រកាសនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃច័ន្ទថា លោកបានដកតំណែងលោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិ ប៉ុន្តែប្រធានាធិបតីជិតអស់អំណាចរូបនេះមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ៕




