នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបន្តអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គមដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។  

ការបន្តអំពាវនាវនេះក្នុងពេលដែលឯកឧត្ដមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តនាំយកអាវរងាដែលជាអំណោ​យដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនកងទ័ពនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ខណៈដែលរដូវរងាបាននិងកំពុងឈានមកដល់។ ទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា ពិធីចែកអាវរងាបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការការពារកោះឆ្នេរ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំ នាយទាហានជាច្រើនរូបផងដែរ។

ក្នុងពិធីនេះអគ្គមេបញ្ជាការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមេបញ្ជាការ នាយនាវី នាយនាវីរង និងពលនាវឹក ដែលបានបូជាកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ក៏ដូចជាការងារហ្វឹកហ្វឺន និងកសាងអង្គភាព។

ឯកឧត្ដមនាយឧត្តមសេនីយ៌វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកងទ័ព និងតែងជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនកងទ័ពយើង។ ជាក់ស្ដែងកន្លងមកនេះ សម្តេចតែងបានចាត់តំណាងឲ្យនាំយកអាវភ្លៀងផ្តល់ជូនមុននៅរដូវភ្លៀង និងផ្តល់អាវរងានៅមុនរដូវរងាមកដល់។ ជាមួយគ្នានេះឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏នៅបានលើកបង្ហាញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និងការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនអគតិណាមកបំផ្លិចបំផ្លាញនោះឡើយ។

បើតាមឯកឧត្ដមនាយឧត្ដមសេនីយ៍ គឺសុខសន្តិភាពដែលកំពុងកើតមាននៅកម្ពុជានេះ គឺបានដោយលំបាកដោយការធ្វើពលិកម្មរាប់មិនអស់ និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះនាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។ 

នៅក្នុងឱកាសដដែលនេះដែរឯកឧត្ដមអគ្គមេបញ្ជាការ ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ទន្ទឹមនោះនាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលផងដែរ។

តំណាងឲ្យនាយនិងពលនាវឹកទាំងអស់លោកឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះឆ្នេរ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានឧបត្ថម្ភអាវរងា ដល់កងកម្លាំងនាពេលនេះ។ លោកមេបញ្ជា​ការបានប្តេជ្ញាដាច់ខាត អនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុន សែន និងប្រឆាំងដាច់ខាតនូវរាល់ទង្វើរបស់ជនទុច្ចរិត និងជនអគតិទាំងឡាយ ដែលតែងតែប្រឌិត មូលបង្កាច់ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕ 

អត្ថបទដែលជាប់ទាក់ទង
ខ្សែភាពយន្តឯកសារ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» នឹងសម្ពោធផ្សាយនៅល្ងាចនេះលើកញ្ចក់ទូរទស្សន៍ BTV
ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ២,៧លានដុល្លារ ​និងឥណទានសម្បទានប្រមាណ ​២២៧លានដុល្លារ ដល់កម្ពុជា​
ព័ត៌មានជាតិ
ក្រសួងអប់រំ ​ប្រកាសជ្រើសរើសមន្ត្រី​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល និង​អប់រំ​ពី​ចម្ងាយ ​
ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈចេញលិខិតជម្រាបជូនអំពីការផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០២១
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ ​ការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន ​ជាគំរូដ៏ល្អ ​និងបួងសួងសូមឲ្យសម្ដេចតេជោ ​និងក្រុមគ្រួសារ ​ជៀសឆ្ងាយពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍៖ ​អាជីវកម្មទេសចរណ៍ជិត ​៣ពាន់ទីតាំង ​បានបិទ/ព្យួរ ​ដែលធ្វើឲ្យបុគ្គលិកជាង​ ៥ម៉ឺននាក់ បាត់បង់ការងារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី