ក្រសួងទេសចរណ៍៖ ​អាជីវកម្មទេសចរណ៍ជិត ​៣ពាន់ទីតាំង ​បានបិទ/ព្យួរ ​ដែលធ្វើឲ្យបុគ្គលិកជាង​ ៥ម៉ឺននាក់ បាត់បង់ការងារ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍សរុបចំនួន២,៨៣៨ទីតាំង ស្មើនឹង២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុប៥០,៩៩៦នាក់។ 

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងជំនួយឧបត្ថម្ភពីអគ្គលេខាធិការដ្ឋានគណៈកម្មា​ធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំសិក្ខាសាលាស្តីពីប្រតិបត្តិការអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩៖ វិធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត” ក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងទេសចរណ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អង្គភាពពាក់ព័ន្ធ និងអាជីវកម្មទេសចរណ៍។ 

សិក្ខាសាលានេះរៀបចំទ្បើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ផ្សព្វផ្សាយវិធានការលើកទឹកចិត្ត និងគាំពារបស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់អាជីវកម្មទេសចរណ៍ និងការផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការអាជីវកម្មតាមគន្លងថ្មី ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩។ 

ឯកឧត្តម សុង តុងហាប់ បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសកល ពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ ក្នុងនោះវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ ៨០% សម្រាប់ទេសចរអន្តរជាតិ និង៥០% សម្រាប់ទេសចរណ៍ផ្ទៃក្នុង ជាមួយនឹងការបាត់បង់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមបន្ថែមថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍សរុបចំនួន២,៨៣៨ទីតាំង ស្មើនឹង២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឱ្យប៉ៈពាល់ដល់បុគ្គលិកសរុប៥០,៩៩៦នាក់ ក្នុងនោះខេត្តសៀមរាបមានអាជីវកម្មទេសចរណ៍៦៥៨ទីតាំង បានបិទ/ព្យួរ ដែលស្មើនឹង៦២.១៣% នៃអាជីវកម្មសរុបក្នុងខេត្តសៀមរាប បណ្តាលឱ្យបុគ្គលិកសរុប១៤,៧០២នាក់ បាត់បង់ការងារ។

ដើម្បីត្រៀមខ្លួនស្តារវិស័យទេសចរណ៍ទ្បើងវិញ តាមរយៈការបង្កើតទំនុកចិត្តថ្មីសម្រាប់គោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំដាក់ឆ្លងរាជរដ្ឋាភិបាលនូវឯកសារយុទ្ធសាស្រ្តសំខាន់ៗ រួមមាន ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា (២០២០-២០២៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប(២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី(២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប(២០២០-២០៣៥) និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០៣០)។ 

ទន្ទឹមនឹងនោះ ដើម្បីដោះស្រាយ និងទ្រទ្រង់ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នៅវិធានការ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិបានចំនួន០៦ជុំ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត ​និងវិធានការលើកលែងកម្រៃនៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅទូទំាងប្រទេសសម្រាប់ឆ្នាំ២០២១។ 

ឯកឧត្តមបានបន្ថែមទៀត ក្រៅពីវិធានការគ្រប់គ្រង និងគាំពាររបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសកម្មភាពអាទិភាពដើម្បីស្តារ និងបង្កើតមុខមាត់ថ្មីជូនវិស័យទេសចរណ៍កម្ពុជា ដោយរួមមានសកម្មភាពជម្រុញទេសចរណ៍ក្នុងស្រុក ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការសិក្សាលទ្ធភាពដាក់ចេញទម្រង់នៃការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព (Travel Bubble or One way closed-loop charter Planes) ដែលអាចជាពន្លឺថ្មីមួយសម្រាប់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ចិន សង្ឃឹមថា រដ្ឋាភិបាល​អាណត្តិថ្មី​របស់​សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិនផ្តោត​សំខាន់​លើកិច្ចសហប្រតិបត្តិការ​ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង
ព័ត៌មានជាតិ
ខ្សែភាពយន្តឯកសារ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» នឹងសម្ពោធផ្សាយនៅល្ងាចនេះលើកញ្ចក់ទូរទស្សន៍ BTV
ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ២,៧លានដុល្លារ ​និងឥណទានសម្បទានប្រមាណ ​២២៧លានដុល្លារ ដល់កម្ពុជា​
ព័ត៌មានជាតិ
ក្រសួងអប់រំ ​ប្រកាសជ្រើសរើសមន្ត្រី​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល និង​អប់រំ​ពី​ចម្ងាយ ​
ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈចេញលិខិតជម្រាបជូនអំពីការផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០២១
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ ​ការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន ​ជាគំរូដ៏ល្អ ​និងបួងសួងសូមឲ្យសម្ដេចតេជោ ​និងក្រុមគ្រួសារ ​ជៀសឆ្ងាយពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី