ឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិ ​បង្ហាញការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល​ និងធនាគារជាតិនៃកម្ពុជា ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យឯកឧត្តម Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលដែលឯកឧត្តមនឹងបញ្ចប់អាណត្តិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ៤ឆ្នាំ នៅកម្ពុជារួចមក។ 

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តុការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផលដល់ពាណិជ្ជកម្មនិងការវិនិយោគ នៃប្រទេសទាំងពីរ។ នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ សិង្ហបុរីបង្កើនការវិនិយោគគួរឱ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។ 

ចំពោះទំនាក់ទំនងទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។ កាលពីឆ្នាំ២០១៩ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលធ្វើឡើងក្នុងគោលបំណងបង្កើតជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីផ្សារ របស់សមីប្រទេស។ 

តាមរយៈអនុស្សរណៈនេះ ធនាគារកណ្តាលទាំងពីរអាចចែករំលែកព័ត៌មានស្តីពីនិន្នាការនិងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ក៏ដូចជាបទប្បញ្ញត្តិទាក់ទងនឹងនវានុវត្តន៍នៅក្នុងសេវាកម្មហិរញ្ញវត្ថុ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រការរៀបចំ Fintech Festival នៅប្រទេសសិង្ហបុរី និងបានអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិន តាមការអញ្ជើញរបស់សិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ម៉្យាងទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ដែលកន្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី ពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ដែលបន្តមានប្រតិបត្តិការជាប្រក្រតី និងបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។  

ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ក៏ដូចជាអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍកសាងសមត្ថភាពរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ការចែករំលែកបទពិសោធក្នុងវិស័យធនាគារ ក៏ដូចជាបានសហការរួមចំណែកក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា។ 

ឯកឧត្តម ទេសាភិបាល បានកោតសរសើរការរួមចំណែករបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាធនាគារកណ្ដាលទាំងពីរ ក្នុងរយៈពេលដែលឯកឧត្តមបានបំពេញបេសកកម្មនៅកម្ពុជា។ ឯកឧត្តម ទេសាភិបាល បានជូនពរឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូមានសុខភាពល្អនិងទទួលបានជោគជ័យ ក្នុងបេសកកម្មនាពេលខាងមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ​រំលឹកដល់កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងទិវាបុណ្យឯករាជ្យជាតិ ​៩វិច្ឆិកា
ព័ត៌មានជាតិ
កុមារប្រមាណជា ៨៥ម៉ឺននាក់ នៅសហរដ្ឋអាមេរិក បានឆ្លងកូវីដ-១៩ ចាប់តាំងពីប្រទេសនេះបានរងការវាយប្រហារពីជំងឺ COVID-19 ដំបូង
ព័ត៌មានជាតិ
BREAKING NEWS: ​រាជរដ្ឋាភិបាលសម្រេចឲ្យធ្វើចត្តាឡីស័កថ្នាក់ដឹកនាំ ​និងមន្ត្រីទាំងអស់​ ដែលជួបប្រមុខការទូតហុងគ្រី​
ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលកើនឡើងជិត ​៤៧លានដុល្លារ ​ពីការនាំចេញអង្ករទៅក្រៅប្រទេស ​រយៈពេល១០ខែ ឆ្នាំ២០២០ ​
ព័ត៌មានជាតិ
ជនអនាមិកប្រើចិត្តសាស្ត្ររបៀប Sextortion ដើម្បីជំរិតទារប្រាក់
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកពូជស្រូវជិត ២ពាន់តោន​ ជូនប្រជាកសិករជាង ១ម៉ឺន៣ពាន់គ្រួសារ ​នៅថ្ងៃទី០៧ ខែវិច្ឆិកា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី