(ភ្នំពេញ)៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ចំនួន ២ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះ ក្នុងបញ្ជីនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អ.ស.ប ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ និងប្រទេសកូរ៉េខាងជើង។ ប្រទេសទាំងពីរ ទទួលរងទណ្ឌកម្មពីអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។
ដីកាសម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះ ក្នុងបញ្ជីនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប លើប្រទេសអ៊ីរ៉ង់ ចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ហន សុខេមរិន និងដីកាមួយទៀត ចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពេជ្រ វិជ្ជាធរ ពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង។
ប្រទេសអ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬប្រទេសកូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចជាច្រើន ដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ៕




