(ភ្នំពេញ)៖ អតីតព្រះរាជដំណាក់ដ៏ល្អវិចិត្រមួយរបស់សម្តចព្រះរតនរាជធីតា ព្រះស្រីសុន្ទរភក្ត្រអគ្គនិករអមរមកុដក្សត្រីយ៍ សុីសុវត្ថិ ពិន្តរាសុដារេត មានទីតាំងនៅក្បែរសារមន្ទីរជាតិ តាមបណ្តោយវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) រាជធានីភ្នំពេញ។
យោងតាមអត្ថបទដែលផ្សាយដោយហ្វេសប៊ុកផេក ក្រុមព្រះសុរិយា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថាជាកុសលមួយយ៉ាងវិសេសបំផុត អតីតព្រះរាជដំណាក់នេះ មិនត្រូវបានរុះរើ ឬបំផ្លាញចោលនោះទេ ដោយគេបានជួសជុល សម្រាប់ប្រើប្រាស់ជាផ្នែកមួយនៃសណ្ឋាគារថ្មី ដើម្បីជាការផ្សារភ្ជាប់ទៅនឹងអនុស្សាវរីយ៍នៃអតីតកាលប្រវត្តិសាស្រ្តរបស់កម្ពុជា ក្លាយទៅជាសណ្ឋាគារដ៏ប្រណីតមួយដែលមានឈ្មោះថា Hyatt Regency Phnom Penh ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិដ៏ល្បីល្បាញ។
ក្នុងតម្រាប្រវត្តិសាស្រ្ត អតីតព្រះរាជដំណាក់នេះបានកសាងនៅដើមរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយ ដោយចំណាយព្រះរាជទ្រព្យជាច្រើន ជាអតីតព្រះរាជដំណាក់នៃសម្តេចព្រះរតនរាជធីតា ព្រះស្រីសុន្ទរភក្ត្រអគ្គនិករអមរមកុដក្សត្រីយ៍ សុីសុវត្ថិ ពិន្តរាសុដារេត ព្រះរាជបុត្រីសំណព្វព្រះទ័យនៃព្រះករុណាព្រះបាទស៊ីសុវត្ថិ ដោយព្រះមាតាព្រះអង្គមាននាមថា ឃុនព្រះម្នាង គន្ធបុប្ផាស៊ី។
សម្តេច ព្រះរតនរាជធីតា ព្រះស្រីសុន្ទរភក្ត្រអគ្គនិករអមរមកុដក្សត្រីយ៍ សុីសុវត្ថិ ពិន្តរាសុដារេត ជាព្រះមហេសីនៃព្រះសម្តេចក្រុមព្រះ មហាសេនាបតី នរោត្តម សុទ្ធាវង្ស ក្នុងផែនដីព្រះបាទស៊ីសុវត្ថិ។
ព្រះអង្គស្តេចមានព្រះទ័យទូលាយណាស់ តែងតែសង្គ្រោះជនទីទាល់ទាំងឡាយដោយព្រះទ័យសប្បុរសក្រៃលែង និងប្រោសព្រះរាជទានព្រះរាជទ្រព្យឧបត្ថម្ភក្នុងរាជការតាំងពីសម័យបារាំង រហូតដល់សម័យសង្គមរាស្រ្តនិយម លើវិស័យអាណាចក្រនិងពុទ្ធចក្រ។ ទន្ទឹមនិងនេះព្រះកេរដ៏ធំមួយនៃព្រះអង្គ ព្រះអង្គកសាងអារាមមួយ មានវិហារ និងសាលាបាលី នៅ វត្តស្វាយពពែ ដោយចំណាយព្រះរាជទ្រព្យជាច្រើន។
សូមបញ្ជាក់ថា សម្តេចព្រះរតនរាជធីតា ព្រះស្រីសុន្ទរភក្ត្រអគ្គនិករអមរមកុដក្សត្រីយ៍ សុីសុវត្ថិ ពិន្តរាសុដារេត ជាព្រះបរមរាជវង្សានុវង្សមួយព្រះអង្គដែលមានព្រះរាជទ្រព្យច្រើនណាស់ ហើយមានព្រះរាជដំណាក់ជាច្រើនកន្លែងទៅក្នុងព្រះរាជធានី និងតាមបណ្តាខេត្តនានា។
សូមជម្រាបផងដែរថា ដោយសារតែសង្គ្រាមកម្ពុជាបាត់បង់អ្វីទាំងអស់ ចំណែកព្រះធនទ្រព្យនៃព្រះបច្ឆាញាតិរបស់សម្តេចព្រះរតនរាជធីតាសុីសុវត្ថិ ពិន្តរាសុដារេត ទៀតហើយ តាមច្បាប់នៃប្រទេសកម្ពុជាយើងមិនទទួលស្គាល់ទ្រព្យសម្បត្តិឯកជនដែលមានមុនឆ្នាំ១៩៧៩ ឡើយ៕អត្ថបទ៖ស្រាវជ្រាវដោយ ក្រុមព្រះសុរិយា






