(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានប្រកាសថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែតុលា និងនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ គឺរយៈពេល ២ថ្ងៃនេះ មានភ្ញៀវទេសចរ ជាង ២០ម៉ឺននាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ ក្នុងនោះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរច្រើនជាងគេ។
ក្រសួងទេសចរណ៍ បានប្រកាសថា រយៈពេលឈប់សម្រាកពីរថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន ២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ៣,៣៨៩នាក់។
ស្ថិតិរបស់ក្រសួងទេសចរណ៍ បង្ហាញថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ទទួលបានភ្ញៀវចំនួន ៥៨,៧៩៧នាក់
* ខេត្តកំពត ទទួលបានភ្ញៀវចំនួន ២០,៧៧២នាក់
* ខេត្តព្រះសីហនុ ទទួលបានភ្ញៀវចំនួន ១៨,៩២០នាក់
* ខេត្តកណ្តាល ទទួលបានភ្ញៀវចំនួន ១៤,៥៧៥នាក់
* ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវចំនួន ១១,៩៤៨នាក់
* ខេត្តកោះកុង ទទួលបានភ្ញៀវចំនួន ៨,៩៦៦នាក់
* ខេត្តតាកែវ ទទួលបានភ្ញៀវចំនួន ៨,៦៣៨នាក់
* ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវចំនួន ៧,៧១៨នាក់
* ខេត្តបាត់ដំបង ទទួលបានភ្ញៀវចំនួន ៧,៦៨២នាក់
* រាជធានីភ្នំពេញ ទទួលបានភ្ញៀវចំនួន ៧,៤២៩នាក់។
ក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូក ដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង មានការថយចុះ ធៀបឆ្នាំមុន។
ក្រសួងទេសចរណ៍បន្ថែមថា បញ្ហាទឹកជំនន់ ក៏បានធ្វើឲ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមាណ ១៣,៣៧៤នាក់ ស្មើតែប្រមាណ ៦.៤៦% នៃភ្ញៀវសរុប ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ ៥៣,១៦៧នាក់ ស្មើនឹងប្រមាណ ២៥.៦៣% នៃភ្ញៀវសរុប។
ប៉ុន្តែទោះយ៉ាងណា ក្រសួងទេសចរណ៍ លើកឡើងថា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរ បានប្រមាណ ២៨.៤០% នៃភ្ញៀវសរុប ដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ជាដើម។
ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តតាមប្រសាសន៍ក្រើនរំលឹក របស់សម្តេចតេជោ ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរាជធានីខេត្ត៕




