(ចិន)៖ រដ្ឋាភិបាលចិននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិក និងបុគ្គលណាម្នាក់ ដែលពាក់ព័ន្ធនឹងការលក់អាវុធទៅឱ្យតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានមានប្រសាសន៍ថា ប្រទេសចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុន Lockheed Martin, Boeing Defense និង Raytheon Technologies ក៏ដូចជាបុគ្គលមួយចំនួនផងដែរ។
លោកមិនបានបញ្ជាក់ថា តើនឹងមានវិធានការដាក់ទណ្ឌកម្មនៅពេលណា ឬយ៉ាងណានោះទេ។ ប៉ុន្តែលោក Zhao Lijian បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពគោលការណ៍ «ចិនតែមួយ» ដោយបញ្ឈប់ការលក់អាវុធ និងបញ្ឈប់រាល់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់។
សូមជម្រាបដែរថាកាលពីសប្តាហ៍មុន រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមលើការលក់អាវុធ រួមទាំងមីស៊ីលពីលើអាកាសដល់ដី ដែលមានតម្លៃសរុបជាង ១.៨ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់៕




