ថ្លែងក្នុងវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ «ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម» នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរពីសារៈសំខាន់នៃប្រធានបទដែលលើកយកមកពិភាក្សា ដោយបានផ្សារភ្ជាប់ទៅ ជាមួយនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្តធ្វើ គឺការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និង កសិឧស្សាហកម្ម ឲ្យក្លាយទៅជាវិស័យអាទិភាពក្នុងការបង្កើតការងារថ្មី និងរក្សាលំនឹងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលលើសេដ្ឋកិច្ច និងសង្គមទូទាំងពិភពលោក។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩នេះ វាគឺជាឱកាសឲ្យយើងធ្វើការវាយតម្លៃជាយុទ្ធសាស្រ្ត ទៅលើគ្រប់ទិដ្ឋភាពទាំងអស់ក្នុងប្រទេស ហើយការប្រារព្ធឡើងនូវវេទិកានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែជាយុទ្ធសាស្រ្ត ក្នុងការការពារសុវត្តិភាពស្បៀងអាហារប៉ុណ្ណោះទេ តែក៏ជាឱកាសក្នុងការពង្រឹងនូវសមត្ថភាពជំនាញកសិកម្មរបស់ប្រជាកសិករកម្ពុជាផងដែរ។»
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងថា ថ្វីបើក្នុងអំឡុងពេលនេះសហភាពសហព័ន្ធយុវជនកម្ពុជាមានឱកាសប្រារព្ធឡើងនូវវេទិកាពិភាក្សានេះឡើង ក៏ប៉ុន្តែទឹកចិត្ត និងអារម្មណ៍គិតគូររបស់យើង នៅតែបន្តដក់ជាប់នៅជាមួយនឹងបងៗជាអាជ្ញាធរ និងកងកម្លាំងដែលកំពុងតែឈរជើង ធ្វើការទាំងយប់ថ្ងៃ នៅចាំជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ជន់លិច ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវវិបត្តិគ្រោះទឹកជំនន់ផងដែរ។




