(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ជំនន់ទឹកភ្លៀង រហូតដល់ថ្ងៃទី២៤ ខែតុលា ប៉ះពាល់នៅ ២០ រាជធានីខេត្ត ស្មើ ១១៧ក្រុងស្រុកខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
របាយការណ៍ដដែល បង្ហាញថា ប៉ះពាល់ប្រជាជនប្រមាណ ១៣៦ ៤៤២ គ្រួសារ ស្មើប្រមាណ ៥៤៥ ៧៦៨ នាក់។ ប្រជាជនជម្លៀសប្រមាណ ១១ ៨៣៨ គ្រួសារ ស្មើប្រមាណ ៤៧ ៣៥២នាក់។ ប្រជាជនស្លាប់ ៤០នាក់ ( ធៀបល្ងាចថ្ងៃទី២៣ ខែតុលា កើនម្នាក់ )។ ផ្ទះប៉ះពាល់ប្រមាណ ១២០ ៤១៨ខ្នង និងខូចខាត ៦៣ខ្នង។ សាលារៀនលិចទឹក ប្រមាណ ៩២៥កន្លែង និងវត្តលិចទឹកប្រមាណ ៣០៥កន្លែង។ ស្រូវលិចទឹកប្រមាណ ២៧០ ០០៧ ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨ ៧៧៩ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦១៦ គ.ម។ ផ្លូវលំជនបទលិចទឹកប្រមាណ ១ ៦៨៥ គ.ម៕




