(អន្តរជាតិ)៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានផ្ញើសារជូនពរ ទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវទី១ Melania Trump បន្ទាប់ពីទទួលដំណឹងថាពួកគេបានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលយុទ្ធនាការប្រធានាធិបតី។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទរ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។ លោក ម៉ូឌី បានបង្ហោះសារដ៏ខ្លីមួយនៅលើ Twitter យ៉ាងដូច្នេះថា «ជូនពរមិត្តរបស់ខ្ញុំ ដូណាល់ ត្រាំ និងភរិយា ឆាប់ជាសះស្បើយ និងមានសុខភាពល្អ»។
គួររំលឹកថាលោក Trump បានប្រកាសថា គាត់និងលោកស្រី Melania នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ អ្នកទាំង ២ បានតេស្ដវិជ្ជមានសម្រាប់ជំងឺ COVID-19 បន្ទាប់ពីជំនួយការកំពូលរបស់ប្រធានាធិបតីគឺអ្នកស្រី Hope Hicks បានឆ្លងជំងឺនេះ។
គ្រូពេទ្យរបស់លោក Trump គឺលោក Sean Conley បាននិយាយថា ទាំងប្រធានាធិបតី និងលោកជំទាវទី១ កំពុងមានសុខភាពល្អនៅពេលនេះ ហើយលោក Trump នឹងបំពេញភារកិច្ចរបស់គាត់ដោយ «គ្មានការរំខាន» ខណៈនឹងសម្រាកព្យាបាលនៅសេតវិមាន៕




