(អន្តរជាតិ)៖ ការតស៊ូមតិប្រធានាធិបតីអាមេរិកលើកទី ២ រវាងប្រធានាធិបតីដូណាល់ត្រាំ និងគូប្រជែងមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បៃឌិន ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយត្រូវបានលុបចោល។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
គណៈកម្មការរៀបចំកម្មវិធីតស៊ូមតិប្រធានាធិបតី បាននិយាយថានឹងមិនមានការប្រជុំនៅថ្ងៃទី១៥ ខែតុលានោះទេពីព្រោះយុទ្ធនាការរបស់បេក្ខភាពទាំង ២ បានប្រកាសផែនការដាច់ដោយឡែកសម្រាប់ថ្ងៃនោះ។
អ្នករៀបចំកម្មវិធីបាននិយាយថា ខ្លួនចង់រៀបចំការជជែកដេញដោលគ្នាតាមទម្រង់និម្មិត ប៉ុន្តែលោក ដូណាល់ ត្រាំ បានបដិសេធ។ គណៈកម្មការនិយាយថា ខ្លួននឹងបន្តរៀបចំការតស៊ូមតិលើកទី៣ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ពីព្រោះបេក្ខភាពទាំង ២ បានយល់ព្រមចូលរួម ហើយទំនងជានឹងមានការជួបជួបជុំចុងក្រោយផងដែរ៕




