(ខេត្តបាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សាជាថ្មីម្តងទៀត ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ទំនាបមួយចំនួន ក្នុងក្រុងបាត់ដំបង សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀង នៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញ ដែលត្រូវបើកទ្វារទឹកបង្ហូរ ចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹក ក្នុងស្ទឹងសង្កែ បន្តមានការកើនឡើង អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។
មកដល់ថ្ងៃទី១០ ខែតុលានេះ នៅខេត្តបាត់ដំបង ជំនន់ទឹកភ្លៀង កើតឡើងនៅស្រុកមួយចំនួន រួមមាន ស្រុកសំឡូត រុក្ខគិរី មោងឫស្សី ស្រុកសំពៅលូន និងស្រុកកំរៀង។
អាជ្ញាធរ បានបើកទ្វារទឹក បង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹង កើនឡើង។ រីឯទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានជំនន់ទឹកភ្លៀង ហូរបុកផ្តាច់យ៉ាងគំហុក កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យលិចលង់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះ ក្នុងភូមិសាស្ត្រខាងលើនេះ និងផ្នែកទំនាប នៅខាងក្រោម៕




