(ភ្នំពេញ)៖ កាសែតចិន ជាភាសាខ្មែរ ស៊ីស៊ីថាមស៍ បានចុះផ្សាយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ថា ពេលនេះ រដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិន កំពុងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឲ្យកម្ពុជា អាចទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលផលិតដោយប្រទេសចិន។
កាសែត បានស្រង់សម្តីមន្ត្រីនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា មកផ្សាយថា នៅខណៈនេះ កម្ពុជា មានជំរើសច្រើន ក្នុងការទទួលបានវ៉ាក់សាំងពីចិន ព្រោះវ៉ាក់សាំង ដែលផលិត ដោយប្រទេសចិន មានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត វាមានភាពងាយស្រួល អាចរក្សាទុក និងដឹកជញ្ជូន នៅសីតុណ្ហភាព ពី ០២ ដល់ ០៨ អង្សាសេ ( 2℃ - 8 ℃)។
មន្ត្រីស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានចិនថា កម្ពុជា គឺជាមិត្តដែកថែបរបស់ប្រទេសចិន ហើយប្រទេសទាំងពីរ បានចងជាសហគមន៍រួមវាសនាតែមួយ នៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ប្រទេសទាំងពីរ បានធ្វើជាគំរូដល់សហគមន៍អន្តរជាតិ ក្នុងការសហការឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ។
មន្ត្រីស្ថានទូតចិន បញ្ជាក់បន្ថែមថា "នៅពេលវ៉ាក់សាំង ដែលបង្កើតឡើងដោយប្រទេសចិន ត្រូវបានអនុម័តអោយចែកចាយនៅលើទីផ្សារ នឹងផ្តល់អាទិភាព សំរាប់ប្រទេសកម្ពុជាជានិច្ច ហើយជំហរនេះ មិនមានការផ្លាស់ប្តូរទេ"។
ជុំវិញព័ត៌មានខាងលើនេះ មិនទាន់មានការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅឡើយទេ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងទិញវ៉ាក់សាំង ២០លានដូស ដើម្បីចាក់ជូនប្រជាជនកម្ពុជា ១០លាននាក់ ដោយឥតគិតថ្លៃ។ តែក្នុងជំហ៊ានដំបូងនេះ សម្តេចតេជោ គ្រោងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ៥០ម៉ឺននាក់ ដោយសារម្នាក់ ត្រូវចាក់ ២ដូស។ អ្នកដែលត្រូវទទួលបានវ៉ាក់សាំង មុនគេ ជាក្រុមអ្នកធ្វើការនៅកន្លែង ដែលមានហានិភ័យ និងអ្នកមានហានិភ័យ រួមមាន៖ ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ មន្ត្រីយុត្តិធម៌ អ្នកបោសសំរាម តាមទីប្រជុំជន ទីក្រុង។ល។
មហាជន ដែលមានចាប់ពីប្រជាពលរដ្ឋសាមញ្ញ មន្ត្រីរាជការ ឧកញ៉ា មហាសេដ្ឋី រហូតដល់ព្រះមហាក្សត្រ បានចូលរួមបរិច្ចាគថវិកាតាមតិច តាមច្រើន ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។ មកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាល ទទួលបានជំនួយជាង ៤៥លានដុល្លារអាមេរិកហើយ៕



