(ភ្នំពេញ)៖ មានការបង្ហោះសារជាសំឡេងផង ជាអត្ថបទផង និងរូបភាពផង ចែកតគ្នាថា៖ «មានអ្នកកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ហើយបានលួចចេញមកស៊ីបាយនៅហាងក្រៅ ធ្វើឲ្យវេទនាមនុស្សមួយហាងទៀត»។ ហាងខាងក្រៅនោះ គឺសំដៅទៅ អាហារដ្ឋានមិត្តភាព ដែលស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជុំវិញព័ត៌មានមិនច្បាស់ការណ៍ ហើយកំពុងចែកចាយបន្តគ្នា នៅពេញល្ងាចនេះ អង្គភាពព័ត៌មាន Swift News បានសាកសួរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលទទួលបន្ទុកគ្រប់គ្រងផ្ទាល់លើករណីជំងឺកូវីដ១៩។ លោកជំទាវ ឱ វណ្ណឌីន បានឆ្លើយតបតាមទូរស័ព្ទថា៖ «យើងមិនមានព័ត៌មាននេះទេ។ សូមឲ្យទៅសួរអ្នកបង្ហោះរឿងនេះវិញ»។
មុននេះបន្តិច Swift News បានតាមមើល Facebook ដែលបង្ហោះករណីនេះ ឃើញថា បានលុបរឿងនេះ ចេញជាបន្តបន្ទាប់រួចហើយ។
ក្រសួងសុខាភិបាល តែងប្រកាសជាញឹកញយថា ព័ត៌មានជុំវិញករណីកូវីដ១៩ គឺសូមតាមដាន និងស្រង់យកពីការប្រកាសរបស់ក្រសួងសុខាភិបាល ដែលជាប្រភពផ្លូវការ និងម្តងម្កាល គឺផេក សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងករណីចាំបាច់បំផុត៕



