(សហរដ្ឋអាមេរិក)៖ វ៉ាក់សាំង Covid-19 របស់ Pfizer និង BioNTech បានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់មួយ ក្រោយ
ក្រុមអ្នកជំនាញ បានណែនាំឱ្យរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុញ្ញាតជាបន្ទាន់ឱ្យចាក់វ៉ាក់សាំងនេះ ស្របពេល COVID-19 បានសម្លាប់ពលរដ្ឋអាមេរិកជាង ២៨៥.០០០ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ការចាក់ថ្នាំបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំនៅអាមេរិក អាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយផ្អែកទៅលើការចុះហត្ថលេខារបស់រដ្ឋបាលចំណីអាហារនិងឪសថ (FDA) ភ្លាមៗតាមការរំពឹងទុករបស់គណៈកម្មាធិការជំនាញ ដោយបុគ្គលិកថែទាំងសុខភាព និងអ្នករស់នៅមណ្ឌលថែទាំ មានអាទិភាពក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងនៅដើមសប្តាហ៍ក្រោយ។
ការបោះឆ្នោតសំឡេង ១៧-៤ បានធ្វើឡើងបន្ទាប់ពីរយៈពេលដ៏យូរ ដែលសមាជិកនៃគណៈកម្មាធិការប្រឹក្សាថ្នាំបង្ការនិងផលិតផលជីវសាស្ត្រពាក់ព័ន្ធ ឬហៅកាត់ថា VRBPAC បានពិភាក្សាពីបញ្ហាជាច្រើន ដែលទាក់ទងនឹងវ៉ាក់សាំង រួមមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាឡែកហ្សីធ្ងន់ធ្ងរ និងមនុស្សអាយុ ១៦ និង ១៧ឆ្នាំ៕



