(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយអង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតមីន ជាមួយការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាគាំទ្រគម្រោងចំនួន៣១៨.៦០៦ ដុល្លារអាមេរិក សម្រាប់រយ:ពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា កណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូចំនួន២៤ក្បាលហើយ ដោយកណ្ដុរហិតទាំងនោះបាននឹងកំពុងប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងកងឯក ភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ កណ្តុរហិតដែលស្ថិតក្នុងគម្រោង កិច្ចសហប្រតិបត្តិការស៊ីម៉ាក់ និងអង្គការអាប៉ូប៉ូ បានទទួលមេដៃមាស ពីអង្គការសប្បុរសធម៌សត្វនៃប្រទេសអង់គ្លេស៕




