(ភ្នំពេញ)៖ លោក ជាង សុខា អគ្គលេខាធិការរង នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក និងជាទីប្រឹក្សាក្រសួងព័ត៌មាន មានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមមាន ទីប្រឹក្សា ស្ថាបនិក និងថ្នាក់ដឹកនាំ សមាជិកក្នុងគណៈកម្មាធិការទាំងអស់ បានចូលរួមបរិច្ចាគថវិកា សរុប ២២៩០ដុល្លារ ជូនលោក ជាង សុខា។
ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា «កាយវិការ និងទឹកចិត្តសប្បុរសធម៌នេះ គឺមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន ហើយជាកម្លាំងលើកទឹកចិត្តដល់លោក ជាង សុខា ក្នុងការតស៊ូជំនះប្រយុទ្ធជាមួយនឹងជំងឺ ឲ្យបានជាសះស្បើយ ក្នុងពេលឆាប់ខាងមុខ»។
ឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា «យើងសូមចងចាំនូវទឹកចិត្តបរិសុទ្ធ នៃមិត្តជួយគ្នាក្នុងគ្រាលំបាកនេះ»។
ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏សូមអរគុណចំពោះទឹកចិត្តសហការី ដែលជួយយកអាសារគ្នា ក្នុងគ្រាលំបាក និងសូមជូនពរលោក ជាង សុខា ឆាប់បានជាសះស្បើយ៕




