(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩។ ការប្រកាសរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ក្នុងជំហានដំបូង ដើម្បីចាក់ជូនប្រជាពលរដ្ឋ ៥០ម៉ឺននាក់ ដោយឥតគិតថ្លៃ។
នៅព្រលប់ថ្ងៃទី៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្តេច មានបំណងចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជាយើង ឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូស និងតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយ ចំនួន ១លានដូស សម្រាប់ចាក់ជូន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាន នៅដំណាក់កាលទីមួយនេះ។
សម្តេចតេជោ ជឿជាក់ថា កម្ពុជាយើង ពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ។
មកដល់ល្ងាចថ្ងៃទី៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការទទួលបានថវិកាពីសប្បុរសជនជាង ៣០លានដុល្លារអាមេរិក។ សម្តេចតេជោ ក៏បានប្រកាសបន្ថែមគណនី ២ទៀត នៅអេស៊ីលីដា និងភ្នាក់ងារ វីង ដែលប្រជាពលរដ្ឋអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីង ចំពោះប្រាក់រៀល គឺ 9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៊ីលីដាប្រាក់រៀល គឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។
កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីច្រក ២ ដែលប្រជាពលរដ្ឋ អាចចូលរួមថវិកា គឺ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ 012 96 19 71 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ និងទី២.តាមរយៈធនាគារ ABA លេខគណនី 001249176 គណនីឈ្មោះ Tep Sothy៕



