(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពី «ការពង្រឹងតួនាទីស្ត្រី ក្នុងការកសាង និងការថែរក្សាសន្តិភាព៖ ពីការប្តេជ្ញាចិត្តរហូតដដល់លទ្ធផល»។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍប្រកបដោយវិជ្ជមាន។
ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា «ពួកគេ អាចចូលរួមចំណែកជួយកសាងសង្គមប្រកបដោយភាពត្រឹមត្រូវ បរិយាប័ន្នវិបុលភាព និងសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នត់គំនិតអំពីសក្តានុពល និងការពាក់ព័ន្ធរបស់ស្ត្រី និងក្មេងស្រី នៅតែបន្តកើតមាន ជាពិសេសក្នុងវិស័យកសាងសន្តិភាព និងសន្តិសុខ»។






