ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងសារជាសំឡេងពិសេស នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អំពីអ្នក ដែលត្រូវទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ មុនគេ ដែលកម្ពុជាសម្រេចទិញ ១លានដូស ដែលអាចចាក់បានមនុស្ស ៥០ម៉ឺននាក់។ ក្នុងនោះ អ្នកដែលត្រូវទទួលបានមុនគេ គឺក្រុមគ្រូពេទ្យ បន្ទាប់មកគ្រូបង្រៀន កម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ សំដៅលើគ្រូពេទ្យ ព្រោះអ្នកទាំងនេះ ជាអ្នកប្រឈមនឹងគ្រោះថ្នាក់ជួរមុខតែម្តង។ បន្ទាប់ទៅ យើងផ្តល់ឲ្យទៅឲ្យគ្រូបង្រៀនរបស់យើង ដែលមានប្រមាណ ១២ ទៅ ១៣ម៉ឺននាក់។ រួមមក គឺកម្លាំងប្រដាប់អាវុធ ដែលរួមមាន កងទ័ព មានអាវុធហត្ថ នគរបាល មានមន្ត្រីពន្ធនាគារ ជាដើម ដែលអ្នកទាំងនេះ ប្រឈមនឹងហានិភ័យខ្ពស់ ហើយបើយើងត្រូវធ្វើអន្តរាគមន៍នានា យើងត្រូវប្រើកម្លាំងនេះ ហើយបើមិនមានវ៉ាក់សាំងទេ កម្លាំងនេះ ត្រូវប្រឈមនឹងហានិភ័យខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បន្ទាប់ពីនោះ អ្នកត្រូវទទួលបានវ៉ាក់សាំងដែរ គឺមន្ត្រីយុត្តិធម៌ ដូចជា ខាងព្រៃឈើ ខាងបរិស្ថាន ក៏ត្រូវចេញទៅធ្វើប្រតិបត្តិការ ទៅតាមលក្ខណៈតាមការងាររបស់គេ ដូច្នេះក៏ត្រូវមានការផ្តល់វ៉ាក់សាំង ជូនអ្នកទាំងនោះ។
សម្តេចតេជោ លើកឡើងថា បើគិតត្រួសៗ ពីចំនួននេះ យើងនឹងអស់វ៉ាក់សាំង ប្រមាណជិត ៤០ម៉ឺននាក់។ ដូច្នេះនៅសល់ប្រហែលជាខ្ទង់ ១០ម៉ឺនទៀត យើងនឹងត្រូវចាត់ចែងពិនិត្យ មើលទៅតាមការជាក់ស្តែង។ ក្នុងនោះ ក៏មានមន្ត្រីតុលាការ និងមេធាវី ក៏ត្រូវទទួលបានដែរ ព្រោះអ្នកទាំងនោះ ត្រូវប្រឈមក្នុងពេលកាត់ក្តី ឬទៅជួបកូនក្តីជាដើម។
នៅសល់ពីនោះទៀត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំង ដែលកម្ពុជានឹងកម្ម៉ង់ទិញ ១លានដូសនោះ អាចចាក់លើនិស្សិតតាមសាកលវិទ្យាល័យនានា អ្នករៀនវិជ្ជាជីវៈ ព្រមទាំងកម្មករសំណង់ ជាដើម។ ពោលគឺយើងសំដៅលើកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ អ្នកដែលមានហានិភ័យ គឺសំដៅលើមនុស្សចាស់។ ចំពោះកូនក្មេង សម្តេច មិនទាន់ប្រាកដថា វ៉ាក់សាំងនេះ អាចចាក់លើកូនក្មេង ឬទេ? តែបើអ្នកគ្រប់អាយុ ដែលអាចទទួលវ៉ាក់សាំងបាន នៅកម្ពុជាយើង មានប្រហែលជា ១០លាននាក់។
ចំពោះការត្រៀមទិញវ៉ាក់សាំងកូវីដ-១៩នេះ ប្រទេសកម្ពុជាក៏ត្រូវត្រៀមបម្រុងកន្លែងស្ដុកទុក ដែលតម្រូវឲ្យមានការសាងសង់ និងរៀបចំប្រព័ន្ធទ្រទ្រង់សីតុណ្ហភាព ដើម្បីការពារគុណភាពវ៉ាក់សាំង៕



