(ភ្នំពេញ)៖ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៣ ឯកឧត្តម លី ច័ន្ទតុលា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារជាវីដេអូប្រមាណជិត៣នាទី ដោយឯកឧត្ដមបានលើកឡើងអំពីការជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨ចំនួន៦០រូប សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
ក្នុងខ្លីបជាវីដេអូនេះ ឯកឧត្ដម លី ច័ន្ទតុលា បានឲ្យដឹង ថា តាមពិតកន្លងមកគណៈមេធាវី តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី បានជ្រើសរើសនិងបណ្ដុះបណ្ដាលមេធាវីចំនួន១៧ជំនាន់រួចមកហើយ។ ក្នុងនោះសិស្សមេធាវីជំនាន់ទី១៧ ទើបតែបានបញ្ចប់ការសិក្សានៅខែសីហា២០២០។ ឯកឧត្ដម បានថ្លែងបន្តថា ដើម្បីបន្តនិរន្តភាពក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលមេធាវីនោះ គណៈមេធាវីតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី បានសម្រេចជ្រើសរើសសម្រាប់ឆ្នាំ២០២០-២០២១នេះ នូវសិស្សមេធាវីចំនួន៦០រូបបន្ថែមទៀត។
ឯកឧត្ដម លី ច័ន្ទតុលា បានលើកឡើង ថា នេះជាឱកាសដ៏ល្អមួយដែលគណៈមេធាវីបានផ្ដល់ជូនដល់អ្នកច្បាប់ ហើយដែលតាមរយៈសារនេះ ឯកឧត្ដមបានអំពាវនាវឲ្យអ្នកដែលមានលក្ខខណ្ឌគ្រប់គ្រាន់ សូមចូលរួមនៅក្នុងការប្រកួតប្រជែងជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨នេះឲ្យបានច្រើន។
ឯកឧត្ដម លី ច័ន្ទតុលា បានថ្លែង ថា”ហើយដែលតាមរយៈនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ដែលបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើស ចូលរួមនៅក្នុងការប្រកួតប្រជែងនេះឲ្យបានច្រើន ហើយសូមជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន កុំគិតថាទាល់តែខ្លួនមានប្រាក់ មានលុយទើបប្រឡងជាប់ មានប្រាក់ ឬក៏មិនមានប្រាក់ មិនមែនជាកត្តាកំណត់នៃការជាប់ធ្លាក់នោះទេ សំខាន់ទៅលើសមត្ថភាព ដូច្នេះសូមបងប្អូនជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនឯង ហើយសូមធ្វើការខំប្រឹងប្រែងសិក្សា រំលឹកឡើងវិញនូវមុខវិជ្ជាដែលជាមុខវិជ្ជាសម្រាប់ ការប្រឡងទាំងសរសេរក៏ដូចជាការប្រឡងផ្ទាល់មាត់”។
ប្រធានគណៈមេធាវីអាណត្តិទី១៣ បានថ្លែងបញ្ជាក់ទៀតថា”បើសិនជាបងប្អូនមានសមត្ថភាព គឺបងប្អូនប្រាកដជាមានឱកាសនៅក្នុងការជាប់ នៅក្នុងការជ្រើសរើសក្លាយទៅជាសិស្សមេធាវីជំនាន់ទី១៨ នឹងក្លាយទៅជាមេធាវីនាពេលអនាគត”។
សូមជម្រាប ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានជូនដំណឹងអំពីការលក់ពាក្យ និងទទួលពាក្យសុំប្រឡងជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសម្រេចជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨ ចំនួន៦០នាក់៕




