(អន្តរជាតិ)៖ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសទីមួយលើពិភពលោក អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer / BioNTech នៅទូទាំងប្រទេស ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេវ៉ាក់សាំងនេះនឹងដាក់ឲ្យប្រើប្រាស់ចាប់ពីសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ រ៊យទ័រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
ការចាក់ថ្នាំបង្ការរោគអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សម្រាប់អ្នកដែលត្រូវការវាខ្លាំងបំផុតដូចជា មនុស្សចាស់នៅក្នុងកន្លែងថែទាំជាដើម។ អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤០លានដូស រួចមកហើយ ដែលគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងលើប្រជាជន ២០លាននាក់។
វ៉ាក់សាំង ត្រូវបានគេមើលឃើញថាជាឱកាសដ៏ល្អបំផុតសម្រាប់ពិភពលោកក្នុងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញស្របពេលជំងឺកូវីដ-១៩ បានសម្លាប់មនុស្សជិត ១,៥លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
ចក្រភពអង់គ្លេសបានអនុម័តទិញវ៉ាក់សាំងនេះ ជាពន្លឺនៃក្តីសង្ឃឹមដ៏ល្អចំពេលមានភាពអាប់អួរនៅពេលដែលមហាអំណាចធំៗ ប្រជែងគ្នាអនុម័តវ៉ាក់សាំងជាច្រើននិងចាក់ថ្នាំបង្ការដល់ពលរដ្ឋរបស់ពួកគេ៕



