(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ នៅកម្ពុជាយើង ចំនួន ៣នាក់ទៀត។ នោះគឺបុរសជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ប្រចាំបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូអ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ព្រមទាំង២នាក់ទៀត ជាបុរសជនជាតិហុងគ្រី អាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា និងវៀតណាម ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ព្រមទាំងបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើដំណើរមកពីជប៉ុន មកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣២៦នាក់។ ក្នុងនោះ ៣០៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ២០នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ២នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ)៕



