(អន្តរជាតិ)៖ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ ខណៈដែលលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃគណបក្សពលករដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំនេះធ្វើឡើងក្នុងឆ្នាំដ៏លំបាកមួយសម្រាប់កូរ៉េខាងជើង ស្របពេលជំងឺរាតត្បាតកូវីដ-១៩បានរាលដាលខ្លាំង ហើយសេដ្ឋកិច្ចប្រទេសនេះក៏រងសម្ពាធបន្ថែមទៀតដោយទទួលនូវទណ្ឌកម្មរបស់អន្តរជាតិ ដែលមានគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
KCNA បានរាយការណ៍ថា «មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីដាក់ប្រតិបត្តិការនិងបទបញ្ជាសម្រាប់អនុវត្តគោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រនិងបង្ហាញការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់»។
លោក Kim ក៏នឹងរៀបចំសមាជបក្សមួយ ដែលនឹងប្រព្រឹត្តទៅនៅខែមករា ដើមឆ្នាំ២០២១ខាងមុខនេះ ដើម្បីសម្រេចលើផែនការ ៥ឆ្នាំថ្មីៗរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង ក៏បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល ៨០ថ្ងៃកាលពីខែតុលាកន្លងទៅនេះផងដែរ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន នៅគ្រប់វិស័យទាំងអស់ មុនពេលរៀបចំសមាជបក្សនៅឆ្នាំក្រោយ៕



